មេជាងធ្វើផ្ទះ ឡើងប្រក់ដំបូលផ្ទះឱ្យគេភ្លាត់ស្នៀត រអិលជើងធ្លាក់ពីលើផ្ទះស្លាប់

ព្រៃវែង៖ ដូចពាក្យចាស់ថាមិនខុស “ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញារចេះស្ទាត់គង់តែមានភ្លេច” មេជាងធ្វើផ្ទះម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរូបគាត់បានឡើងព្រុំដំបូល (ប្រក់) ផ្ទះឱ្យអ្នកភូមិជាមួយគ្នា ភ្នាត់ស្នៀតរអិលជើងធ្លាក់ពីលើដំបូលផ្ទះស្លាប់បាត់បង់ជីវិត ។

ករណីនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង១៥ នាទី នៅចំណុចភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។

បើតាមសមត្ថកិច្ចស្រុកពាមជរបានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ អ៊ួន ស្រាន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង មុខរបរជាមេជាងធ្វើផ្ទះឱ្យគេ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទទួលធ្វើផ្ទះឱ្យឈ្មោះ ខាត់ អាន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ហើយដោយគាត់ជាមេជាងផងនោះ គាត់ក៏បានឡើងព្រុំដំបូលផ្ទះខាងលើ រួចក៏រអិលជើងធ្លាក់មក បណ្ដាលឱ្យស្លាប់មួយរំពេច។

ក្រោយកើតហេតុ ម្ចាស់ផ្ទះបានរាយការណ៍ដល់សមត្ថកិច្ចជំនាញឱ្យធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ឆ័យសាកសព ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជារអិលជើងធ្លាក់ពីលើដំបូលផ្ទះស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ដោយៈ HMNL (PC2)

អត្ថបទដែលជាប់ទាក់ទង