រាប់សិបនាក់ស្លាប់នៅតំបន់ហ្គាហ្សា ខណៈស្ថានទូតអាមេរិកបើកដំណើរការនៅទីក្រុងហ្សេរូសាឡឹម

អ៊ីស្រាអែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន៤១ នាក់ អំឡុងបាតុកម្មទ្រង់ទ្រាយធំ តាមបណ្តោយព្រំដែនហ្គាហ្សា កាលពីថ្ងៃចន្ទ ។ ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨ អំពើហិង្សានេះមានសភាពធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមដ៏សាហាវព្រៃផ្សៃមួយកាលពីឆ្នាំ២០១៤ និងធ្វើឱ្យច្របូកច្របល់ពិធីសម្ពោធស្ថានទូតអាម៉េរិកនៅទីក្រុងហ្សេរូសាឡឹម ។

បាតុកម្មដោយកំហឹងលើការផ្លាស់ប្តូរស្ថានទូតអាមេរិកនេះ ក្រុមបាតុករបានដុតកង់ឡានឆេះផ្សែងខ្មៅខ្មួលខ្មាញ់ទៅលើអាកាស គប់គ្រាប់បែកសាំង និងដុំថ្មទៅលើកងទ័ពអ៊ីស្រាអែលឆ្លងព្រំដែន ។ យោធាអ៊ីស្រាអែលថា ខ្លួនរងការវាយប្រហារ ហើយចោទក្រុមអ្នកបាតុករព្យាយាមទម្លាយរបងព្រំដែន ។ កងទ័ពបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនបីនាក់ ពេលព្យាយាមដាំគ្រាប់បែកមួយ។
ក្រសួងសុខាភិបាលហ្គាហ្សាថា នៅពាក់កណ្តាលរសៀល យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៤១ នាក់ រួមទាំងអនីតិជន៥នាក់បានស្លាប់។ អនីតិជនម្នាក់ត្រូវបានកំណត់ថា ជាក្មេងស្រី។ បាតុករ៧៧២ នាក់ទៀត រងរបួស ក្នុងនោះ៨៦នាក់ របួសធ្ងន់ធ្ងរ ។

ក្រុមហាម៉ាស់បានដឹកនាំបាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេលមួយសប្តាហ៍ នៅតំបន់កាហ្សា ដើម្បីប្រឆាំងតវ៉ា ។ ទឹកដីនៅតំបន់នេះបានបិទជិតមួយទសវត្សរ៍មកហើយ ។ ក្បួនបាតុកម្មពេលនេះធ្វើឡើងដំណាលគ្នាពិធីសម្ពោធស្ថានទូតអាមេរិកនៅទីក្រុងហ្សេរូសាឡឹម ដែលចាប់ដំណើរការនៅរសៀលថ្ងៃចន្ទ ទី១៤ ខែឧសភា នេះដែរ ។

ស្ថានទូតអាមេរិកដូរពីទីក្រុង តែលវ៉ាវី ទៅដាក់នៅទីក្រុងហ្សេរូសាឡឹមវិញនេះ ធ្វើឡើងតាមការសន្យារបស់លោកដូណាល់ ត្រាំ អំឡុងពេលយុទ្ធនាការឃោសាសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។ ការនេះបានធ្វើឲ្យប៉ាឡេស្ទីនខឹងសម្បារជាខ្លាំង ដោយចាត់ទុកថា ភាគខាងកើតទីក្រុងហ្សេរូសាឡឹម ជារដ្ឋអនាគតរបស់ពួកគេ ។

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពូព្រឹកថ្ងៃទី១៤ ខែឧសភា “ថ្ងៃដ៏អស្ចារ្យមួយរបស់អ៊ីស្រាអែល!” ។
ក្រុមហាម៉ាស់ និងទាហានអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្កឹតធ្មេញដាក់គ្នាធ្ងន់ធ្ងរបំផុតកាលពីថ្ងៃចន្ទ ។ ការប្រឈមមុខតានតឹងបែបនេះ នៅតាមព្រំដែនមានជម្លោះមិនធ្លាប់កើតឡើងនោះទេ ។ សង្គ្រាមឆ្នាំ២០១៤ បញ្ចប់ទៅវិញដោយកិច្ចព្រមព្រៀងឈប់បាញ់ប៉ុណ្ណោះ ហើយនោះជាបទឈប់បាញ់លើកទី៣ហើយរវាងអ៊ីស្រាលអែល នឹងក្រុមហាម៉ាស់ ។

បាតុកម្មម្តងនេះមានមនុស្សចូលរួមច្រើនបំផុតក្រោមការដឹកនាំដោយក្រុមហាម៉ាស់ ។ តំបន់នេះមានពលរដ្ឋរស់នៅប្រមាណ២លាននាក់ ត្រូវបែកចែកកាត់ផ្តាច់រវាងអ៊ីស្រាអែល នឹងអេហ្ស៊ីប បន្ទាប់ពីក្រុមហាម៉ាស់បានចាប់យកគ្រប់គ្រងតំបន់ហ្គាហ្សាកាលពីឆ្នាំ២០០៧ ។ កាលពីចុងខែមីនា ទាហានអ៊ីស្រាអែលបើកការបាញ់ប្រហារ សម្លាប់ក្រុមបាតុករប៉ាឡេស្ទីន៨៣នាក់ និងជាង២៥០០ នាក់ទៀតរងរបួស ។ ក្រុមហាម៉ាស់បាននិយាយថា សមាជិក៤នាក់ រួមទាំងបុរសសន្តិសុខ៣ នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់កាលពីថ្ងៃចន្ទនេះ ។

Ismail Radwan ជាមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសបាននិយាយថា បាតុកម្មតាមព្រំដែនដ៏ធំប្រឆាំងនឹងអ៊ីស្រាអែលពេលនេះ នឹងបន្តរហូតដល់សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនត្រូវបានសម្រេច ។ “ការប្តូរស្ថានទូតអាម៉េរិកទៅកាន់ទីក្រុងហ្សេរូសាឡឹម ក្លាយជាគ្រោះមហន្តរាយរបស់រដ្ឋបាលអាមេរិក និងជាថ្ងៃខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្រប្រជាជនអាមេរិក ពីព្រោះពួកអាមេរិកនេះហើយ ជាដៃគូជាមួយពួកកាន់កាប់ទឹកដី និងការឈ្លានពានប្រឆាំងមកលើប្រជាជនប៉ាឡេស្ទីន” ។

មេដឹកនាំក្រុមហាម៉ាស់និយាយថា ការរំលោភព្រំដែនទំនងអាចកើតឡើង រីឯភាគីអ៊ីស្រាអែលប្តេជ្ញារារាំងទោះក្នុងតម្លៃណាក៏ដោយ មិនឲ្យមានការរំលោភចូលព្រំដែនទេ ។

ជនរងគ្រោះភាគច្រើនស្ថិតនៅភាគខាងត្បូងទីក្រុងកាហ្សា ទីប្រជុំជន Khan Younis និង Rafah ។ កងទាហានអ៊ីស្រាអែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ ។ សំឡេងផ្ទុះគ្រាប់កាំភ្លើងធុនធ្ងន់បានឮនៅគ្រានោះដែរ ។ សំឡេងស៊ីរែនបានលាន់ឮទ្រហឹងអឺងកង ខណៈដែលអ្នករងរបួសត្រូវឡានសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រុមសកម្មជនវ័យក្មេងបានចូលទៅជិតរបងព្រំដែនម្តងហើយម្តងទៀត ប៉ុន្តែត្រូវគេបំបែកយ៉ាងឆាប់រហ័សដោយបាញ់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ Jonathan Conricus ថ្លែងថា កងទ័ពបានបង្កើត “ស្រទាប់” បន្ថែមកម្លាំងសន្តិសុខ នៅខាងក្នុង និងនៅជុំវិញសហគមន៍ ជិតព្រំដែន ប្រយោជន៍ដើម្បីការពារជនស៊ីវិលអ៊ីស្រាអែល ។ “ការប៉ុនប៉ងឆ្លង់របងព្រំដែន” កើតមានច្រើនដងមកហើយ ។

អត្ថបទដែលជាប់ទាក់ទង