រថយន្តធំចុះស្ពានដាច់ហ្វ្រាំង បុករាស់គ្មានអាសូរ

ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តធំមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ស្លាកលេខ: ព្រះសីហនុ 3A.3812បើកបរដោយឈ្មោះ លី គឹមលន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានបើកចុះពីលើស្ពានគីហ្សូណាក្នុងទិសដៅពីកើតទៅលិច រួចក៏ដាច់ហ្វ្រាំងក្រោយ ជ្រុលទៅបុក រថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿង រួចទៅបុករង្វង់មូល ទៅមុខលែងរួច ។

រថយន្តរងគ្រោះ ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម ដែលបើកពីលិចទៅកើត។

រីឯម៉ូតូរងគ្រោះមាន ៖ ១ ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា (របួសស្រាល) ។​ ២ ម៉ូតូម៉ាកហុងដា C125ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចន សេរី ប្រុស អាយុ២៤ឆ្នាំ​ រស់នៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ហេតុការណ៍នេះ បណ្តាលអោយរងរបួសធ្ងន់មនុស្សស្រីម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ។ ខូចខាតរថយន្ត២គ្រឿង កំរិតធ្ងន់ និងខូចខាតម៉តូ២គ្រឿង ក្នុងនោះខូចខាត ធ្ងន់មួយគ្រឿង។

ក្រោយកើតហេតុនគរបាលបានឃាត់អ្នកបើកបររថយន្ត ហ៊ិនដាយ និងបានប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច ក្នុងរថយន្តផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុង បន្តកសាងសុំណុំរឿងតាមនីតិវិធី។

 

 

អត្ថបទដែលជាប់ទាក់ទង