ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ៖ ដីដែលបានរំដោះពីគ្រាប់មីនរួចហើយ នឹងចូលរួមជំរុញដល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកសន្និបាតជាតិវិស័យបច្ចេកទេសមីន ឆ្ពោះទៅរកកម្ពុជា ដែលគ្មានមីនឆ្នាំ២០២៥ ដែលមានអង្គសន្និបាតចូលរួមប្រមាណ៨០០នាក់ មកពីបណ្តាស្ថានទូត ស្ថាប័នជាតិ-អន្តរជាតិ ស្ថាប័នដៃគូបោសសម្អាតមីន ប្រតិបត្តិករណ៍ជាតិ និងឯកជនជាដើម នៅវិមានសន្តិភាព រាជធានីភ្នំពេញ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាពិតជាបានឆ្លើយតបទៅនឹងវិស័យសកម្មភាពមីននៅកម្ពុជារយៈពេល២៥ឆ្នាំ ដោយបានមើលឃើញពីការទទួលផលពីដីចំការមីន ទៅជាដីបង្កបង្កើនផលយ៉ាងគំហុក។

លើសពីនេះផ្ទៃដីដែលបានរំដោះគ្រាប់មីន ឬគ្រាប់សំណល់មិនទាន់ផ្ទុះ ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបានការចិញ្ចឹមជីវិតយ៉ាងល្អប្រសើរផងដែរ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការគិតគូការអភិវឌ្ឍ ការរីកចម្រើន ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយជាងការគិតគូពីអតីតកាលដែលកម្ពុជា បានរងគ្រោះដោយសារមីនពីប្រទេសដទៃ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានបន្ថែមថា មកទល់ពេលបច្ចុប្បន្ននេះ សម្រាប់វិស័យសកម្មភាពមីន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតឈានទៅដល់ការកាត់បន្ថយភាពក្រីក្រ នៅតាមតំបន់ ដែលជាទីតាំងសម្បូរដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះក្នុងសង្គ្រាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង