Update ស្លាប់ម្នាក់ របួសស្រាលម្នាក់ ករណីរថយន្តដឹកខ្សាច់បុករថយន្តស៊ីណា ក្រឡាប់ផ្ងារជើងទាំង២គ្រឿង

បាត់ដំបង៖ ករណីរថយន្តដឹកខ្សាច់បើកលឿនជ្រុលទៅបុករថយន្តទេសចរណ៍ក្រឡាប់ផ្ងារជើងទាំង ២គ្រឿង កាលពីវេលាម៉ោង១១ៈ៤០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវជាតិលេខ៥ ចំនុចឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់។

ភាគីរថយន្តរងគ្រោះមានម៉ាកស៊ីណា ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង ២C ៦៨៧៨ ក្រឡាប់ផ្ងារជើង បើកបរដោយឈ្មោះ ហេង សុខអេង ត្រូវបានគេស្គាល់ថា ជាអ្នកលក់គ្រឿងបន្លាស់ទូរស័ព្ទរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានបាត់បង់ជីវិត ឯជនរងគ្រោះម្នាក់ទៀតដែលជិះជាមួយ រងរបួសស្រាល មានឈ្មោះ ឈឿន វិសែន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយគ្នា។

រីឯរថយន្តបង្កដឹកខ្សាច់ ពណ៌ខៀវឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ ៤A ២០០១ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបាត់បង់ម្ចាស់ការជ្រុលទៅបុករថយន្តរងគ្រោះពេញទំហឹងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ធ្វើការវាស់វែង ឯសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ VSK (PC2)

 

អត្ថបទដែលជាប់ទាក់ទង