អាជ្ញាធរខេត្តប៉ៃលិន ជំរុញឱ្យមានការបំបួសកុលបុត្រនិងកុលធីតាខ្មែរក្នុងរយៈពេលខ្លីជាមួយវិស័យព្រះពុទ្ធសាសនានេះ ជាបន្តទៀត ដើម្បីផ្សារភ្ជាប់សង្គម និងសាសនា ដល់យុវជនជំនាន់ក្រោយ

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុងពិធីបិទវគ្គ មហាបំបួសសាមណេរ សីលវតី ចំនួន ៦៥០អង្គ/នាក់ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានជំរុញឱ្យមានការបំបួសកុលបុត្រនិងកុលធីតាខ្មែរក្នុងរយៈពេលខ្លីជាមួយវិស័យព្រះពុទ្ធសាសនានេះ ជាបន្តទៀត ដើម្បីផ្សារភ្ជាប់សង្គម និងសាសនា ដល់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី យល់ដឹងពីគុណទោស ស្គាល់ខុសស្គាល់ត្រូវ ចេះដឹងគុណ ស្រលាញ់ឪពុកម្តាយ យល់ដឹងពីតួនាទីរបស់ខ្លួនក្នុងសង្គមនិង គ្រួសារ។

ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់ ព្រះតេជគុណគ្រប់ព្រះអង្គ និងព្រះមេគណៈបានបង្កើតកម្មវិធីសាសនា មហាបំបួស សាមណេរ សីលវតី ដ៏អស្ចារ្យមួយនេះ និងជាប្រវត្តិសាស្រ្តសម្រាប់ខេត្តប៉ៃលិនយើង និងកូនចៅជំនាន់ក្រោយគោរពស្រលាញ់វិស័យព្រះពុទ្ធសាសនាបានយូរអង្វែង ស្របជាមួយពាក្យមួយឃ្លាថា ព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ហើយក្នុងនាមថ្នាក់ដឹកនាំខេត្ត គឺឯកឧត្តមគាំទ្រចំពោះកម្មវិធីបំបួសនេះ ចង់អោយព្រះមេគណៈ និងព្រះសង្ឃគ្រប់អង្គមានការៀបចំកម្មវិធីមួយនេះជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយនូវ វិស័យព្រះពុទ្ធសាសនាអោយបានទូលំទូលាយទៀតផង។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សាមណេរ និងសីលវតី ដែលបួសរៀន ក្រោយពេលលាចាកសិក្ខាបទហើយ ត្រូវធ្វើខ្លួនជាកូនល្អ មិត្តល្អ ក្នុងសង្គមជាតិយើង ហើយត្រូវយកសាមគ្គីភាពជាធំ ជាពិសេសកុំភ្លេចចូលរួមបោះឆ្នោតការជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កុំបីខានឱ្យបានគ្រប់ៗគ្នា។

បើតាមរបាយការណ៍របស់ព្រះគ្រូ អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបំបួសសាមណេ និងសីលវតី ចំនួន ៥០០អង្គ/នាក់ គឺមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៨ ដោយសាលាគណខេត្ត សហការជាមួយវត្តធម្មកាយ ប្រទេសថៃ ដោយចំណាយថវិការជិត ២ម៉ឺនដុល្លា។តំបន់៣ (CSC)

អត្ថបទដែលជាប់ទាក់ទង