សប្បុរសជនខេត្តសៀមរាប បានចូលរួមផ្តល់ជាថវិកាជូនដល់មន្ទីរពេទ្យកុមារខេត្តសៀមរាប

សៀមរាប៖ ព្រះគ្រូគុណ្ណវឌ្ឍោ សន សារឹទ្ធ ជាទីប្រឹក្សាផ្ទាល់សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តប្រាសាទរាជាធិបតី ហៅវត្តព្រឹន និង លោក គង់ ប៊ឹប ក្រុមប្រឹក្សាសង្កាត់ជ្រាវ និង ក្រុមគ្ឬួសារ រួមទាំងពុទ្ធបរិស័ទ ប្រជាពលរដ្ឋ បានមូលមតិគ្នាជាឯកច្ឆ័នផ្តួច ផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គីមួយ ដើមី្បប្រមូលបច្ច័យយកទៅទ្រទ្រង់ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣(ខេត្តសៀមរាប) ឬ មន្ទីរពេទ្យកុមារជ័យវរ័្មនទី៧ និង មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។

បុណ្យផ្កាប្រាក់សាមគ្គីនេះ បានប្រារព្ធធ្វើទៅកាលពីរសៀលថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ទ ព.ស២៥៦២ ត្រូវថ្ងៃទី១៣ ខែ ឧសភា គ.ស២០១៨ ដែលប្រព្រឹត្តទៅតាមគន្លងប្រពៃណី ទំនៀបទំលាប់ នៃព្រះពុទ្ធសាសនាខ្មែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ នៅ គេហដ្ឋានរបស់លោក គង់ ប៊ឹប ក្រុមប្រឹក្សាសង្កាត់ជ្រាវ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់លោក គង់ ប៊ឹប បានការរៀបចំបុណ្យផ្កាប្រាក់នេះឡើង គឺជាការបញ្ញាក់ស្មារតីភ្ញាក់ រលឹកដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់បណ្តារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យមានស្មារតីរួបរួមសាមគ្គីគ្នាឡើង ក្នុងការទ្រទ្រង់សុខភាពស្ត្រី និង កុមារកម្ពុជា ដែលបានកំពុងដង្ហៅរកនូវមូលនិធិក្នុងការទ្រទ្រង់ព្យាបាលដល់កុមារ នៅតាមមន្ទីរពេទ្យកុមារ និយាយដោយឡែក មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣(ខេត្តសៀមរាប) ឬមន្ទីរពេទ្យកុមារជ័យវរ័្មនទី៧ និង មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលក្នុងមួយថ្ងៃៗ ទទួលធ្វើការព្យាបាលដល់កុមារ និង ស្ត្រីសម្រាល កូនជាច្រើននាក់ មកពីគ្រប់បណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះបញ្ហាសុខភាព គឺជាកត្តាចម្បងសម្រាប់មនុស្សយើងគ្រប់រូប ហើយកត្តាសំខាន់នោះលើការថែទាំសុខភាពកុមារកម្ពុជា ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

លោកបានបន្តទៀតថា ដោយមើលឃើញនូវភាពកង្វះខាតរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ (ខេត្តសៀមរាប) និង មន្ទីរពេទ្យកុមារអង្គរនេះហើយ ទាំងព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទ បានធ្វើបុណ្យផ្កា ប្រាក់សាមគ្គីនេះឡើង ដើមី្បយកថវិកាមកទ្រទ្រង់ ក្នុងការព្យាបាលនិងបានជួយសង្គ្រោះជីវិតកុមារកម្ពុជា មានជម្ងឺទាំងអស់ដោយឥតគិតថ្លៃ មកពីគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មិនគិតអំពីវណ្ណៈ ពណ៌សម្បុរនោះឡើយ ប្រកបដោយ ភាពមនុស្សធម៌ និង ភាពយុត្តិធម៌ទៀតផង ។

លោក គង់ ប៊ឹប បានធ្វើការថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទាំងគ្រូពេទ្យជាតិ អន្តរជាតិ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យព្យាបាលជម្ងឺកុមារកម្ពុជា និង បងប្អូនជាស្ត្រី ដែលបានចូលមកពិនិត្យពោះ និង សម្រាលកូន ប្រកបដោយសុវត្ថិភាពខ្ពស់ទៀតផង ។ ក្នុងនោះដែរលោកក៏បានធ្វើការអំពាវនាវដល់ បងប្អូនសប្បុរសជននៅគ្រប់បណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើមី្បចូលរួមជាថវិកា ក្នុងការទ្រទ្រង់ដល់សេវាព្យាបាល របស់មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ដើមី្បរួមគ្នាទ្រទ្រង់សុខភាពកុមារកម្ពុជា ក្រោមទស្សនៈវិស័យផ្តល់ការព្យាបាល ថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយសេចក្តី មេត្តា ករុណា គុណភាពខ្ពស់ និង មិនគិតកម្រៃឡើយ ។

ក្នុងពិធីបុណ្យផ្កាប្រាក់នេះដែរ លើការចំណាយ លោក គង់ ប៊ឹប និង ក្រុមគ្រួសារ បានចំណាយ អស់៧លានរៀល និង ចូលរួមទ្រទ្រង់សកម្មភាពក្នុងការព្យាបាលជម្ងឺកុមារ និង ស្ត្រី ចំនួន៥ពាន់ដុល្លាផងដែរ ។

ថវិកាដែលទទួលបានពីបុណ្យផ្កាប្រាក់សាមគ្គីនេះ មានចំនួន២១ពាន់៦១៤ដុល្លា ប្រាក់ខ្មែរ ២០លានរៀល ត្រូវបានយក មកប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ចំនួន ១១ពាន់៦១៤ដុល្លា ប្រាក់ខ្មែរ ១២លានរៀល និង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន ១ម៉ឺនដុល្លា ប្រាក់ខែ្មរ ៨លានរៀល កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដើមី្បយកទៅធ្វើការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យទាំងពីរនេះ ។

តាមការបញ្ជាក់ពីតំណាងមន្ទីរកុមារអង្គរ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ កុមារដែលមកទទួលសេវាព្យាបាល និង ពិគ្រោះជម្ងឺជិត៥០០នាក់ ។ ចំពោះមន្ទីរគុន្ធបុប្ផា ឬ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា មន្ទីរពេទ្យគុន្ធបុប្ផា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងមួយថ្ងៃកុមារមកទទួលសេវាព្យាបាល ពិគ្រោះជម្ងឺ និង សម្រាក់នៅមន្ទីរពេទ្យ មាន២ពាន់៣០០នាក់ និង ស្ត្រីមកពិនិត្យផ្ទៃពោះ មិនលើសពី៥០០នាក់ឡើយ និង សម្រាលកូន មានប្រមាណ ៨០នាក់ ក្នុងមួយថ្ងៃ ។ ដោយឡែកនៅខេត្តសៀមរាប កុមារមកពីបណ្តាខេត្តបែកខាងជើងប្រទេស ចូលមកទទួល សេវាព្យាបាល ពិគ្រោះជម្ងឺ និងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុង១ថ្ងៃមិនលើសពី៥០០នាក់ឡើយ ដោយចំណាយ ថវិកាក្នុង១ថ្ងៃប្រមាណ ១២ម៉ឺនដុល្លាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង