ដោយសាតែគ្រួសារក្រីក្រពេក ចាក់ចោលប្រពន្ធកូន មកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីឱ្យក្មួយ ជួបគ្រោះថ្នាក់ផ្ទុះមីនតោនស្លាប់បាត់បង់ជីវិតនៅទឹកដីព្រំដែនខ្មែរថៃ

ព្រះវិហារ៖មានករណីផ្ទុះគ្រាប់មីនតោន ក្នុងដីលំនៅដ្ឋានគ្រួសារកងទ័ពមួយកន្លែង បានសម្លាប់មនុស្សយ៉ាងអាណោចអាធ័ម ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១០និង២៣នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដែលស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីហេតុការណ៍ខាងលើ បានបណ្តាលអោយបុរសអ្នកបើកបរត្រាក់ទ័រភ្ជួរដីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខាងលើ។ បើតាមការបញ្ជាក់ពីសាច់ញាតនៃសពបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ែន វន់ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបកម្មករបើកត្រាក់ទ័រ ស្នាក់អាស្រ័យភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតរស់នៅទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង មកស៊ីឈ្នួលភ្ជួរដីអោយក្មួយដែលជាគ្រួសារកងទ័ព រស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមប្រភពពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបានអោយដឹងថា ក្រោយពីបានទទួលដំណឹងភ្លាមៗសមត្ថកិច្ច បានសហការជាមួយកម្លាំងស៊ីម៉ាក់ បានចុះទៅដល់កន្លែងកើតហេតុ ពិតនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់បាត់បង់ជីវិតដោយសារផ្ទុះគ្រាប់មីនតោនមែន ហើយសាកសពត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណៃនៅភូមិឃុំខាងលើ។

គួររំលឹកផងដែរថា៖ ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រតំបន់ខាងលើ បានអោយដឹងថា គ្រាប់ម៉ីនតោនទាំងនេះ គឺបន្សល់ទុកមកតាំងពីសម័យសង្គ្រាមខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជាមកម្ល៉េះ វាមិនមែនគ្រាប់មីនតោនសម័យសង្គ្រាមខ្មែរនិងថៃ ក្នុងកំឡុងឆ្នាំ២០០៨នោះទេ ហើយទីតាំងខាងលើនេះ ធ្លាប់មានករណីផ្ទុះគ្រាប់មីនតោនដូចនេះម្តងរួចមកហើយ តែកាលនោះកម្លាំងស៊ីម៉ាក់ បានចុះមកស្រវជ្រាវដែរ តែដោះមិនអស់ ក៏ប៉ុន្តែគ្រាប់ដែលផ្ទុះលើកនេះ គឺមកពីកប់ជ្រៅពេកទើបកម្លាំងស៊ីម៉ាក់រកមិនឃើញ៕

អត្ថបទដែលជាប់ទាក់ទង