ខ្មែរកាប់ជនជាតិចិនឱ្យរបួសធ្ងន់ពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប៖ បុរសជនជាតិចិនចំនួន២នាក់ ត្រូវបុរសជាខ្មែរម្នាក់ កាប់ច្រើនកាំបិតប៉័ងតោ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ករណីនេះសង្ស័យជម្លោះរឿងប្រាក់ខែ ជាមួយគ្នានេះបុរសជាខ្មែរ ក៍រងរបួសផងដែរ ដោយសារតែមានការប្រតាយប្រតប់គ្នា នៅក្នុងហេតុការណ៍។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសខ្មែរ យកទៅសាកសួរ។ សមត្ថកិច្ចក្នុងហេតុការណ៍នេះ បានឱ្យដឹងថា ករណីនេះបានកើតឡើង នៅនាវេលាម៉ោង ប្រហែល៨ៈ១០នាទីព្រឹក ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យឈ្មោះ សុក សុភា ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ ជននេះបានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិនចំនួន២នាក់ ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ។

ជនជាតិចិនដែលរងគ្រោះមានឈ្មោះ៖
១-ឈ្មោះ LU KAI ភេទ ប្រុស អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
២-ឈ្មោះ SHI SHOU ZHENG ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅគ្លីនិកសឹងរិទ្ធិរ៉េត
មន្ត្រីដដែលបន្ថែមថា៖ ករណីនេះ ទំនងជាជនសង្ស័យខឹងនិងជនរងគ្រោះដែលនិយាយកុហកខ្លួនច្រើនលើករឿងប្រាក់ខែ ពីព្រោះជនសង្ស័យជាអ្នកបើកបរឡានឱ្យជនរងគ្រោះខាងលើ។ បច្ចុប្បន្ន្មជនសង្ស័យ កំពុងស្ថិតក្នុងការសាកសួរ នៅការិយាល័យស៊ើបអង្កេតនៅឡើយ៕តំបន់៤(CSC)

អត្ថបទដែលជាប់ទាក់ទង