កូរ៉េខាងជើង​អាច​ពិចារណា​សារ​ជាថ្មី​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​សហរដ្ឋអាមេរិក

កូរ៉េខាងជើង៖ មន្ត្រី​ជាន់ខ្ពស់​មួយរូប​របស់​សាធារណរដ្ឋ​ប្រជាមានិត ​ប្រជាធិបតេយ្យ​កូរ៉េ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​​ថា ប្រទេស​កូរ៉េខាងជើងអាចធ្វើការ​ពិចារណា​ឡើងវិញ​ ទៅលើ​គម្រោងការ​នៃ​កិច្ចប្រជុំ​កំពូល​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។

​​លោក​ គីម ខាយ ក្វាង អនុរដ្ឋមន្ត្រី​ទី​១ ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា រដ្ឋបាល​របស់​លោក ត្រាំ ត្រូវតែ​បង្ហាញ​ដោយ​ក្ដី​គោរពនូវ​អ្វី​ដែល​ខ្លួន​ចង់បាន​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើងឈាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​ល្អ​ប្រសើរ​ឡើង។​ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ដក​ស្រង់​សម្ដី​របស់​លោក គីម ដែល​បាន​ថ្លែង​ថា បើសិនជាអាមេរិកចង់​ដាក់​សម្ពាធ​តែមួយគត់ទៅលើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មែន​នោះ ចុងក្រោយនឹង​មាន​ការពិចារណា​ឡើងវិញថា ​តើ​នឹង​ចូលរួម​ ឬ​យ៉ាងណា​នោះ។

​គួរ​ឲ្យ​ដឹង​ថា កាល​ពី​​ថ្ងៃ​ពុធ​ម្សិលមិញ​កូរ៉េខាងជើង​បាន​គំរាម​ថា ពួកគេ​នឹង​ដក​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល ​តាម​ការ​គ្រោងទុក​ជាមួយ​សហរដ្ឋអាមេរិក ដោយសារតែ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូងនៅតែ​បន្ត​ធ្វើ​សម​យុទ្ធ​រួមគ្នា​ដដែល​នោះ៕

អត្ថបទដែលជាប់ទាក់ទង