ធ្លាក់ពីលើផ្ទះកម្ពស់ជាង៣ម៉ែត្រសន្លប់​ស្តូកស្តឹង អ្នកផ្ទះស្មានថាស្រវឹង អត់បញ្ជូនមកពេទ្យ ព្រឹកឡើងទើបឆោឡោ

ព្រៃវែង៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែធ្លាក់ពីលើផ្ទះកម្ពស់៣ម៉ែត្រកន្លះ ហើយក្រុមគ្រួសារមិនបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ដោយគិតថាជនរងគ្រោះស្រវឹងស្រាទើបសន្លប់ លុះព្រឹកឡើងដឹងថាស្លាប់ទើបនាំគ្នាយំស្រែក។

ហេតុការណ៌នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះដែលស្ថិតក្នុងភូមិតាគាត់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ សៅ បុត្រ ភេទប្រុស អាយុ៥២ឆ្នាំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលល្ងាចថ្ងៃទី១៥ ខែឩសភា ជនរងគ្រោះបានទៅផឹកស៊ីជាមួយមិត្តភក្តិក្នុងភូមិ រហូតដល់ម៉ោង៩យប់ ពេលដែលស្រវឹងជោគជាំ ក៏ត្រឡប់ទៅផ្ទះវិញ ហើយបានឡើងទៅលើផ្ទះដេក តែដោយក្នុងផ្ទះស្អុះពេក ជនរងគ្រោះក៏ដើរទៅបើកទ្វារផ្ទះ (ទ្វាខាងក្រោយ) ដើម្បីឱ្យមានខ្យល់ចូល ហើយក៏ភ្លាត់ធ្លាក់ចុះមកដីកម្ពស់៣ម៉ែត្រកន្លះ បណ្តាលឱ្យចុកសន្លប់បាត់មាត់ឈឹងតែម្តង។

ភ្លាមៗនោះក្រុមគ្រួសារបានលើកជនរងគ្រោះ យកទៅដាក់ឱ្យដេកនៅលើផ្ទះវិញ និងបានយកប្រេងខ្យល់មកលាបរឹតឱ្យជនរងគ្រោះ តែមិនយកទៅពេទ្យនោះទេ ដោយគិតថាជនរងគ្រោះមិនកើតអី គ្រាន់តែសន្លប់ដោយសារស្រវឹង ព្រឹកឡើងស្វាងលែងអីហើយ តែមិនដូចការគិតឯណា ព្រឹកឡើងជនរងគ្រោះមិនព្រមក្រោកសោះ ក៏នាំគ្នាទៅដាស់ទើបដឹងថាជនរងគ្រោះស្លាប់ ហើយក៏មានការផ្អើលឆោឡោតែម្តង៕ ដោយៈ HMNL (PC2)

អត្ថបទដែលជាប់ទាក់ទង