Update ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្លាប់ម្នាក់ ឯរថយន្តហោះធ្លាក់ចូលទឹកប្រឡាយ…

ព្រៃវែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ បង្កឱ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកដំណើរនាំគ្នាចោមរោមមើលយ៉ាងកកកុញ នៅលើកំណាត់ផ្លូវជាតិលេខ៨A ត្រង់ចំណុចខាងកើតស្ពានក្រចាបចំងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង៤ៈ៣០នាទីល្ងាច ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០១៨។

ហេតុការណ៌នេះបានបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ស្រេង សុខ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិពានរោង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូទៅបុកនិងរថយន្ត ហើយត្រូវរថយន្តកិនអូសប្រមាណជាង៥ម៉ែត្រ។

ទាក់ទិននឹងហេតុការណ៌គ្រោះថ្នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង ១I ០១៤១ ធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានរេចង្កូតឆ្លងថ្នល់ ចូលទៅបុករថយន្តសាំយ៉ុងមួយគ្រឿង ពណ៌បៃតងចាស់ ដែលបើកមកបញ្ច្រាស់ទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែករថយន្តសាំយ៉ុងដោយសារខំប្រឹងគេច ក៏ជ្រុលចង្កូតធ្លាក់ចេញពីផ្លូវ ធ្លាក់ចូលទៅក្នុងទឹកប្រឡាយលិចរថយន្តបាត់មើលឃើញតែដំបូល ហើយអ្នកបើករថយន្តបានលូនចេញពីរថយន្តហែលទឹកឡើងគោក និងរត់គេចខ្លួនបាត់ភ្លាមៗតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះចាត់ទុកថាជាសំណាងមួយហើយ ដែលរថយន្តសាំយ៉ុងនោះគ្មានអ្នកដំណើរជិះ គឺមានតែអ្នកបើកបរម្នាក់ បើសិនជាមានអ្នកដំណើរច្រើននាក់ជិះក្នុងរថយន្តនោះវិញ ច្បាស់ជាមានអ្នកស្លាប់ និងរបួសច្រើនជាក់ជាមិនខាន ព្រោះរថយន្តធ្លាក់ពីផ្លូវចូលប្រឡាយលិចបាត់ឃើញតែដំបូលប៉ុណ្ណោះ។

ក្រោយកើតហេតុប្រមាណជា១៥នាទី សមត្ថកិច្ចបានទៅកន្លែងកើតហេតុជួយសម្រួលចរាចរណ៍កុំឱ្យកកស្ទះ និងបានទាក់ទងហៅសាច់ញាតិជនរងគ្រោះ ទៅទទួលយកសាកសពត្រឡប់ទៅផ្ទះ និងបានស្ទូចយករថយន្តពីក្នុងប្រឡាយ យកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយៈ HMNL (PC2)

អត្ថបទដែលជាប់ទាក់ទង