ជិះម៉ូតូចូលចាក់សាំងនៅក្នុងការ៉ាស គិតលុយរួចជិះចេញ ស្រាប់តែម៉ូតូឆ្លងភ្លើងឆេះផ្អើល នៅក្រុងបាវិត

ស្វាយរៀង៖ ម៉ូតូមួយគ្រឿងត្រូវបានឆេះម៉ត់សល់តែគ្រោងឆ្អឹង នៅខាងមុខការ៉ាសសាំងមួយកន្លែងនៅក្រុងបាវិត ផ្អើលមនុស្សម្នាឈប់មើល ខណៈម្ចាស់ការ៉ាស់សាំងដុតដៃដុតជើងជួយពន្លត់ ព្រោះខ្លាចរាលដាលដល់ការ៉ាសរបស់ខ្លួន និងផ្ទះអ្នកស្រុកដទៃទៀត រីឯម្ចាស់ម៉ូតូភ័យរត់គេចបាត់ស្រមោល ។

ករណីឆាបឆេះនេះនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោងប្រហែល៧ព្រឹក នៅមុខការ៉ាសសាំងមួយកន្លែងស្ថិតក្នុងភូមិបាវិតកណ្តាល ឃុំបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសម្តីម្ចាស់ការ៉ាស់សាំងបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះ បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លិក ចូលមកចាក់សាំងនៅការ៉ាស់របស់គាត់ ដោយឱ្យចាក់ពេញរេសាវ័រតែម្តង ក្រោយចាក់សាំង និងគិតលុយរួច ម្ចាស់ម៉ូតូបានបញ្ឆេះម៉ូតូជិះចេញទៅ តែមិនដឹងជាកើតអី ស្រាប់តែម៉ូតូរបស់គាត់មានភ្លើងឆេះចេញពីខាងក្រោមកែប ធ្វើឱ្យម្ចាស់ម៉ូតូភ័យស្លន់ស្លោរត់ចោលម៉ូតូបាត់ទៅ។

ម្ចាស់ការ៉ាសបានបន្តទៀតថា ដោយឃើញបែបនេះ គាត់ក៏បានរុញម៉ូតូចេញទៅក្រៅ ហើយឆ្ងាយពីការ៉ាសសាំង ព្រោះខ្លាចឆេះការ៉ាស់របស់គាត់ ហើយជួយពន្លត់ភ្លើងដែលឆេះ ឱ្យរលត់បានទាន់ពេលវេលាមិនបណ្តាលឲ្យរៀលដាល់ដល់អ្នកដ៌ទៃទេ។

គួរបញ្ជាក់ផងដែរថា ករណីនេះមិបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬទ្រព្យសម្បត្តិអ្នកដទៃឡើយ គឺខូចខាតតែម៉ូតូមួយគ្រឿងតែប៉ុណ្ណោះ៕ ដោយៈ ខេមា (PC2)

អត្ថបទដែលជាប់ទាក់ទង