ឯកអគ្គរដ្ឋទូត​តួកគី​​ប្រចាំ​កម្ពុជា​ ​សន្យាថា​​ នឹង​​ផ្សព្វផ្សាយ​ជូន​ដល់​អ្នក​វិនិយោគ​តួ​ក​គី​ ដើម្បី​ទាញ​យក​នូវ​ការ​វិនិយោគ​ មកកាន់​កម្ពុជា

ភ្នំពេញ ៖ ​ ឯកអគ្គរដ្ឋទូត​តួកគី​ថ្មី​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់ថា​ ​នឹង​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ប្រមូល​យក​រាល់​ព័ត៌មាន​ទាំងឡាយ​ របស់​កម្ពុជា ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​អ្នក​វិនិយោគ​តួ​ក​គី​ ដើម្បី​ទាញ​យក​នូវ​ការ​វិនិយោគ​ មកកាន់​កម្ពុជា​។ ​ទាក់ទង​និង​វិស័យ​ទេសចរ​​លោកជំទាវ ​បាន​សន្យា​ថា​ នឹង​ទាក់ទាញ​ឲ្យ​មានការ​ហោះហើរ​ត្រង់ ​ពី​តួ​ក​គី ​មកកាន់​កម្ពុជា​។

នេះ​បើ​យោង​តាម​ ឯកឧត្តម ​អ៊ាង ​សុផល្លែត​ ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ​​បាន​ថ្លែង​ប្រាប់ ​ក្នុង​ឱកាស​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បាន​អនុញ្ញាត​ឲ្យ លោកជំទាវ អាយ​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គរដ្ឋទូត​តួ​ក​គី​ថ្មី​ប្រចាំ​កម្ពុជា ​ចូលជួប​សម្តែង​ការគួរសម ​និង​ពិភាក្សា​ការងារ ​នៅ​វិមាន​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ ។

នៅក្នុង​ជំនួប​នេះ ​លោកជំទាវ អ៊ុន លូ បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី​ និង​ឯកឧត្តម​ នាយករដ្ឋមន្ត្រី​តួ​ក​គី​ ជូន​ចំពោះ​សម្តេច​តេ​ជោ​ ហើយ​លោកជំទាវ ​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ណាស់ ​ដែល​បាន​ធ្វើជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា ​នាពេលនេះ​។

លោកជំទាវ មានប្រសាសន៍​បន្តថា វិស័យ​វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច គឺ​នៅ​មានកម្រិត​នៅឡើយ​ សម្រាប់​ប្រទេស​ទាំងពីរ​។ ​​ដូច្នេះ​លោកជំទាវ ​បាន​សន្យាថា​ នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ​ឲ្យ​តែ​ស៊ីជម្រៅ​ថែមទៀត ​និង​ជំរុញ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ​ឲ្យ​មាន​លក្ខណៈ​បើកទូលាយ​ថែមទៀត​។

ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ ព្រមទាំង​អបអរសាទរ ​ចំពោះ​លោក ជំទាវ អាយ​ដា ​ដែល​ត្រូវ​បានតែងតាំង ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព នៅ​កម្ពុជា​។ សម្តេច​ ក៏បាន​អរគុណ​លោកជំទាវ ចំពោះ​ការ​នាំ​ការសាកសួរ​សុខទុក្ខ ​ពី​សំណាក់​ប្រធានាធិបតី ​និង​នាយករដ្ឋមន្ត្រី​តួ​ក​គី​ ជូន​ចំពោះ​សម្តេច​។

សម្តេច ​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពីរ ​នៅ​ឆ្ងាយ​ពីគ្នា​មែន ​ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ គឺមាន​ភាព​ជិតស្និទ្ធ​ល្អ ​ហើយ​ក្នុងន័យនេះ​ សម្តេច ​ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច ​ពិតជា​មានបំណង ​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​រវាង​ប្រទេស​ទាំងពីរ ​លើ​គ្រប់​វិស័យ​ដូច​ដែរ​លោកជំទាវ​ បាន​ប្តេជ្ញា​ចិត្ត​នោះដែរ​។

ពី​នោះ​ទៅទៀត ​សម្តេច ​បាន​មានប្រសាសន៍​ដែរ​ថា ​ការ​បើ​មានការ​ហោះ​ហើរ​ត្រង់​ពី​តួ​ក​គី ​មកកាន់​កម្ពុជា​ហើយ​នោះ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​វិនិយោគ​ និង​ទេសចរ នឹង​មាន​ការកើនឡើង​ ពិសេស​ទំនាក់ទំនង​រ​វាង​ប្រជាជន​ និង​ប្រជាជន ​នឹង​មាន​ការ​កើនឡើង​ កាន់តែខ្លាំង​ឡើង​៕

អត្ថបទដែលជាប់ទាក់ទង