អគ្គនាយកស៊ីម៉ាក់ ប្រតិកម្មចំពោះសម្តីមេដឹកនាំ NGO ដោះមីនរបស់បរទេសនៅកម្ពុជា ដែលនិយាយថា គ្រាប់មីននៅស្រុកខែ្មរស្អុយ ខូចគុណភាពអស់ហើយ!

ភ្នំពេញ៖ ដោយទ្រាំពុំបាន នឹងសម្តីដដែលៗរបស់មេដឹកនាំអង្គការសង្គមស៊ីវិល ដោះមីនបរទេសខ្លះនៅកម្ពុជា ដែលនិយាយរិះគន់លើយន្តការផែនការដោះមីន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនស្របតាមការចង់បានរបស់ពួកគេ ហើយថែមទាំងលើកឡើងថា គ្រាប់មីននៅកម្ពុជាស្អុយ និងខូចគុណភាពអស់ហើយនោះ, លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បានចេញមកប្រតិកម្មថា ប្រសិនបើគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះនៅកម្ពុជា ស្អុយអស់ហើយមែននោះ ហេតុអ្វីក៏ពួកគេចាំបាច់បើក NGO នៅកម្ពុជាធ្វើអ្វី?

លោក ហេង រតនា បានបញ្ជាក់ថា ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងសន្និបាតជាតិវិស័យសកម្មភាពមីន អង្គការ NGO ដោះមីនបរទេសនោះ បានលើកឡើងដោយគ្មានមូលដ្ឋានជាថ្មីម្តងទៀត ថាគ្រាប់មីននៅកម្ពុជាស្អុយ និងខូចគុណភាពអស់ហើយ។ អគ្គនាយកស៊ីម៉ាក់រូបនេះចាត់ទុកថា ការបញ្ជាក់បែបនេះរបស់ពួកគេ គឺបំផ្លាញគោលនយោបាយរបស់រាជរដ្ឋាភិបាល ងាយបង្កគ្រោះថ្នាក់ដល់អ្នកដោះមីនផង ដល់ប្រជាពលរដ្ឋខែ្មរ និងបំពុលដៃគូអភិវឌ្ឍន៍ផងដែរ។

លោក ហេង រតនា បានសង្កត់ធ្ងន់ថា «បើវាស្អុយហេតុអីក្នុងឆ្នាំ២០១៧ កន្លងមកមានគ្រាប់មីនផ្ទុះរបួស-ស្លាប់អ្នកដោះមីនជាកូនខែ្មរ ក្នុងអង្គការខ្លួនអស់៤-៥នាក់ មិនទាន់ស៊ើបអង្កេត និងដោះស្រាយឲ្យបានសមស្របផង។ ខ្ញុំសុំឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការសមស្រប ចំពោះបុគ្គលបរទេសបែបនេះ។ ព្រោះនាំដល់ការបំផ្លាញ គោលនយោបាយរបស់រាជរដ្ឋាភិបាល ងាយបង្កគ្រោះថ្នាក់ដល់អ្នកដោះមីនផង ដល់ប្រជាពលរដ្ឋខែ្មរ និងបំពុលដៃគូរអភិវឌ្ឍន៍ផងដែរ»។

លោក ហេង រតនា បានបញ្ជាក់ថា កម្ពុជាមានបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមមាន៤ប្រភេទសំខាន់គឺ៖

១៖ គ្រាប់មីន៖ មានគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មីនតោន ហើយគ្រាប់មីនប្រឆាំងមនុស្ស ស្ថិតក្រោមអនុសញ្ញាអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគីដែរ និងមានកាតព្វកិច្ចបញ្ចប់ត្រឹមឆ្នាំ២០២៥។ ឆ្នាំ២០១៩ខាងមុខកម្ពុជា ត្រូវដាក់សំណើទៅអង្គការសហប្រជាជាតិ ដើម្បីសុំពន្យារពេលដល់២០២៥។ គ្រាប់មីនតោនមិនស្ថិតក្រោមអនុសញ្ញាទេ។

២៖ គ្រាប់បែកចង្កោម៖ កម្ពុជាទទួលរងគ្រោះប្រមាណជាង២៨លានកូនគ្រាប់បែកចង្កោម ដែលកម្ពុជាមិនមែនជារដ្ឋភាគីទេ តែកម្ពុជាកំពុងខិតខំបោសសំអាតដែរ។

៣៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទទាំងគ្រាប់កាំភ្លើងធំ គ្រាប់បែកទម្លាក់ពីយន្តហោះ និងយុទ្ធភ័ណ្ឌនានា។

៤៖ គ្រាប់បែកជាអាវុធគីមី ដែលនៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាមមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង