អាជ្ញាធរខណ្ឌមានជ័យ​ នៅតែបន្តជួយស្វែងរកដំណោះស្រាយ ជូនកម្មកររោងចក្រ ហ្វឹស ហ្គាវ័ន

ភ្នំពេញ​៖​ នៅវេលាម៉ោង៧:៣០នាទី ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខណ្ឌមានជ័យ បានបើកកិច្ចប្រជុំរកដំណោះស្រាយ រវាងកម្មករ រោងចក្រ ហ្វឹស ហ្គាវ័ន ចំនួន ១៦៨នាក់ និងតំណាងថៅកែរោងចក្រ ក្រោមកិច្ចដឹកនាំប្រជុំពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានដោះស្រាយ បញ្ហាបាតុកម្ម កូដកម្ម តាមមុខសញ្ញាក្នុងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យ និងមានការចូលរួមតំណាងបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ តំណាងអធិការដ្ឋានគរបាលខណ្ឌមានជ័យ តំណាងមន្ទីរការងារ តំណាងថៅកែរោងចក្រ លោកប្រធានការិយាល័យ ឧស្សាហកម្ម សិប្បកម្ម លោកប្រធានការិយាល័យរដ្ឋបាលខណ្ឌ និងបងប្អូនកម្មករកម្មការនី សហជីព សរុបចំនួន ២០០នាក់ ។

ក្រោយកិច្ចពិភាក្សាតំណាងកម្មករ បានស្នើសុំរកដំណោះស្រាយ ៣ ចំនុច ដូចជា៖

  • ស្នើអោយថៅកែរោងចក្រ បើកលុយ ១០០%ជូនកម្មករ ចាប់ពី ខែ មករា រហូតដល់បច្ចុប្បន្ន
  • រាល់កិច្ចប្រជុំស្នើសុំជួប ថៅកែរោងចក្រដើម្បីចូលខ្លួនដោះស្រាយចំពោះមុខ
  • រាល់ការដាក់ញ្ញាតិរបស់កម្មករ តាម ស្ថាប័ន ក្រសួង មន្ទីរ ពាក់ពន្ធ័ ស្នើសុំជួយពន្លឿនជូនកម្មករ

តំណាងថៅកែរោងចក្រ មានលទ្ធភាព បើកលុយជូនកម្មករ សរុប ១៦៨នាក់ ក្នុង ១នាក់ទទួល បាន ១៧ដុល្លារ ចំនួន ៥ខែ (ចាប់ពីខែមករា ដល់ខែឧសភា) ។

កិច្ចពិភាក្សាមិនទាន់ឯកភាពគ្នា រវាងតំណាងថៅកែរោងចក្រ និងបងប្អូនកម្មករ ។​ តំណាងភាគីនិមួយៗ យកចំនុចទាំងនេះ ទៅពិភាក្សាគ្នានៅពេលក្រោយបន្តទៀត។

សំណូមពរអាជ្ញាធរ ស្នើកម្មករ កម្មការនី រក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងរោងចក្រ មិនត្រូវធ្វើអ្វីខុស ឬក៏ប៉ះពាល់ដល់រោងចក្រ បង្កសំឡេងរំខានអ្នកជិតខាង ហាមដើរក្បួនលើផ្លូវសាធារណៈជាដាច់ខាត ឬក៏ផ្ទុយពីលក្ខខ័ណ្ឌ ច្បាប់ស្តីពីការងារនោះឡើយ ។

អង្គប្រជុំបានបញ្ចប់រយៈពេល ៣ម៉ោង ប្រកបដោយភាពស្និតស្នាល និងរីករាយបំផុត ។ ដោយ AhBoYz៚ (PC2)

អត្ថបទដែលជាប់ទាក់ទង