កសិករឃុំជីរោទី១ សប្បាយចិត្តក្នុងការប្រមូលផលម្ទេសកាយយ៉ាណេ

ត្បូងឃ្មុំ៖ ថ្វីត្បិតតែម្ទេសជាដំណាំបន្ទាប់បន្សំរបស់ប្រជាកសិករខ្មែរក៏ពិតមែន តែមានទីផ្សារបរទេសល្អណាស់ ពោលគឺមានម៉ូយនៅ ប្រទេសថៃចាំទទួលទិញឱ្យតែមានប៉ុន្មានក៏គេទទួលទិញយកដែរ ហើយក៏មានម៉ូយក្នុងស្រុកទិញយកទៅលក់នៅទីក្រុងភ្នំពេញ និង អាចលក់ជូនប្រជាពលរដ្ឋក្នុងស្រុកសម្រាប់បរិភោគកាត់ចំអាមផងដែរ ។

ឆ្នាំនេះកសិករនាំគ្នាដាំម្ទេសកាយយ៉ាណេ ច្រើនជាងឆ្នាំមុនៗ ព្រោះម្ទេសជារុក្ខជាតិងាយដាំ ផលរបស់វាអាចជួយទ្រទ្រង់ជីវភាពកសិករបានប្រសើរជាលំដាប់ផងដែរ ។

លោកអ៊ុំស្រី ឃាង ស៊ីផូ អាយុ៦០ឆ្នាំ រស់នៅឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការដាំម្ទេស កាយយ៉ាណេ ដំបូងយើងត្រូវ ភ្ជួររាស់ដីឱ្យស្អាត​ រួចលាយជីលាមកគោទើបគ្របតង់ កុំឱ្យស្មៅដុះហើយចាប់ដាំ កូនម្ទេសចូល ក្នុងមួយគុម្ព មួយដើម ទុកចន្លោះកន្លះ​ម៉ែត្រពីគ្នា ។

ការថែទាំគឺត្រូវបាញ់ទឹកថែទាំជាប្រចាំ។ ភាពប្រឈបរបស់ម្ទេស កាយយ៉ាណេ គឺសត្វល្អិត ដូចជាដង្កូវ មមាញខៀវស៊ីស្លឹក តែប្រជាកសិករប្រើថ្នាំធម្មជាតិកំចាត់ និងដាក់អន្ទាក់សត្វមមាញ ។

ការប្រមូលផលរយៈពេល៣ខែ ១០ថ្ងៃកសិករចាប់ប្រមូលផល ក្នុងផ្ទៃដីទំហំ ១៨អា លោកស្រីប្រមូលផលបាន ២តោនម្ទេសស្រស់ក្នុងមួយរដូវ ។

លោកស្រី ឃាង ស៊ីផូ បានបញ្ជាក់ឱ្យដឹងទៀតថា ម្ទេសកាយ៉ាណេនេះ គាត់ត្រូវដឹកទៅលក់ឱ្យម៉ូយនៅប្រទេសថៃឯណោះ ឱ្យតែមានប៉ុន្មានក៏ថៃ ទទួលទិញយកទាំងអស់ ហើយក្នុង១គីឡូក្រាម តម្លៃ៦.០០០រៀល ។ ដូច្នេះក្នុងមួយឆ្នាំលោកស្រី ឃាង ស៊ីផូ ទទួលចំណូលបាន ១២លានរៀល អាចជួយឱ្យជីវភាពគ្រួសាររបស់លោកស្រីធូរធារ មិនមានកូនចៅរបស់គាត់ ធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសគេនោះទេ ។

លោក តឹក លាង មេឃុំជីរោទី១ បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងឃុំរបស់គាត់ មានកសិករចំនួនតែ៣គ្រួសារទេ បាននាំគ្នាដាំម្ទេសកាយ៉ាណេនេះសាកល្បង លេីផ្ទៃដីប្រមាណជាង១ហិចតា ហេីយឃេីញថា ពូជម្ទេសនេះវាឱ្យផលល្អ ហេីយមានទីផ្សារ ឆ្នាំក្រោយកសិករនឹងនាំគ្នាដាំច្រេីនជាងនេះ ៕ ដោយៈ Lem3 (PC2)

អត្ថបទដែលជាប់ទាក់ទង