សាខាកាំកុងត្រូលខេត្តប៉ៃលិន ដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ជិត១តោន នៅផ្សារប៉ាងរលឹម

ប៉ៃលិន៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារ ដែលអាជីវករ បានដាក់តាំងលក់ក្នុងផ្សារប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយជាលទ្ធផលមន្ត្រីជំនាញបានដកហូតទំនិញខូចគុណភាព និងហួសសុពលភាព ប្រមាណជិត ១តោន ដើម្បីយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ លោក ឈឹម វាសនា ប្រធានកាំកុងត្រូលខេត្ត បានជំរុញដល់អាជីវករទាំងអស់ ត្រូវចូលរួមសហការ និងយកចិត្តទុកដាក់ទប់ស្កាត់ទំនិញខូចគុណភាព និងហួសសុពលភាព ក្នុងន័យថែរទាំ ការពារសុខភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា៖ ការថែរទាំសុខមាលភាព គឺពិតជាមានសារៈសំខាន់ណាស់ ចំពោះមនុស្សម្នាក់ៗ ព្រោះពាក់ព័ន្ធទៅនឹងជីវភាពបងប្អូនប្រជាពលរដ្ឋ ហើយការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព និងទំនិញគ្មានផ្លាកសញ្ញាត្រឹមត្រូវ ជាពិសេទំនិញដែលនាំចូលពីប្រទេសជិតខាង ឱ្យស្របតាមច្បាប់គតិយុត្តនានា ដើម្បីឆ្លើយតបរបស់អគ្គនាយកដ្ឋានកាំកុងត្រូល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យបានតាមផែនការយុទ្ធសាស្រ្តទទួលជោគជ័យ។

លោកប្រធានសាខា ក៏បានណែនាំដល់អាជីវករ កុំយកទំនិញដែលគ្មានផ្លាកសញ្ញាត្រឹមត្រូវ ហួសសុពលភាព និងខូចគុណភាព យកមកតាំងលក់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងខាត់បង់ពេលវេលា ថវិកាផងដែរ។  ដើម្បីចូលរួមថែរក្សាការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវសហការជាមួយមន្ត្រីជំនាញកាំកុងត្រូលខេត្តប៉ៃលិន ក្នុងការទប់ស្កាត់ទំនិញហួសសុពលភាពអោយទាន់ពេយលវេលា ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលទិញទំនិញ​ និងម្ហូបអាហារជារាងរាល់ថ្ងៃ ត្រូវចេះពិនិត្យមើល និងប្រុងប្រយ័ត្នចំពោះទំនិញណាដែលគ្មានគុណភាព ជាសវៀងការទិញយកទៅបរិភោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

សូមបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារ ដែលអាជីវករ បានដាក់តាំងលក់ក្នុងផ្សារប៉ាងរលឹម នាឱកាសនោះ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានរកឃើញ និងដកហូតទំនិញដែលហួសសុពលភាព និងខូចគុណភាព ចំនួនប្រមាណជិត ១តោន រួមមានដូចជា៖ ម្សៅបំពង ៥កញ្ចប់ធំ នំស្រួយ ៥៨កញ្ចប់ នំបុ័ង ១៦កញ្ចប់ធំ ប័រប្រអប់ ៥៥ប្រអប់ មីកំប៉ុង ២៣កញ្ចប់ ទឹកដោះគោឆៅ ២៩កំប៉ុង មីកម្ទេច ៥កញ្ចប់ធំ ទឹកដោះគោជូកូនក្មេង ១០ប្រអប់ ម្សៅស៊ុបរ៉តឌី ១កញ្ចប់ធំ មីកញ្ចប់៦៥កញ្ចប់ ភេសជ្ជៈកំប៉ុង២៣ កេស ស្រាបៀដប ១កេះ ស្រាបៀកំប៉ុង ១កេះ ភេសជ្ជៈដប ៤២ដប ចាហ៊ួយ ១០កញ្ចប់ ទំពាំងបាយជូក្រៀម ៤០កញ្ចប់ ស្ករដូង ០៨កញ្ចប់ ស្មើរនឹង៨៣៧,៦៣គីឡូក្រាម យកទៅរក្សាទុកនៅទីស្នាក់សាខាកាកាំកុងត្រូល ដើម្បីធ្វើការកម្ទេចចោល៕ ដោយៈ NHB (PC2)

អត្ថបទដែលជាប់ទាក់ទង