ឈ្លោះគ្នាដណ្តើមគល់ឈើធ្នង់ធ្វើឱ្យផ្ទុះអាវុធបណ្តាលឱ្យបុរស់ម្នាក់របួសចំភ្លៅ

សៀមរាប៖ផ្តើមចេញពីការដណ្តើមប្រយោជន៍ព្រៃឈើ បុរសម្នាក់បានទាញកាំភ្លើងបាញ់ទៅលើភ្លៅគូភាគី បណ្តាលអោយរងរបួសធ្ងន់ ហើយក៏រត់គេចខ្លួនបាត់។

ហេតុការណ៍នោះបានកើតឡើងកាលពីម៉ោង២១ៈ០៣នាទី យប់ថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០១៨ ក្នុងមូលដ្ឋានស្រុកស្វាយលើខេត្តសៀមរាប។ លោកវរសេនីឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះព្រីង ផន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិត្រពាំងពពេល ឃុំតាសៀមស្រុកស្វាយលើរងរបួសដោយក្បាលគ្រាប់បៀមជាប់ភ្លៅខាងស្តាំ។ ឯជនបង្កមានឈ្មោះ រ៉ី ភេទប្រុស នៅភូមិរុងរឿង ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថា អង្គហេតុនៃរឿង ជនរងគ្រោះនិងជនសង្ស័យមានជម្លោះរឿងជីកគល់ឈើ(ធ្នង់)។ក្រោយពីបាញ់ជនរងគ្រោះអោយរបួស ជនសង្ស័យបានរត់គេចខ្លួនបាត់។

លោកអធិការបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ។ ពេលនេះកំពុងសាកសួរអំពីហេតុផលដែលនាំឱ្យឈានទៅរកការផ្ទុះអាវុធ។ លោកអធិការបញ្ជាក់ថា កាំភ្លើងដែលបាញ់នោះជាប្រភេទកាំភ្លើងវែង៕ ដោយ ៖KS៖ (SLH)

 

អត្ថបទដែលជាប់ទាក់ទង