ដំណាំក្រូចថ្លុងកោះទ្រង់ កំពុងប្រឈមនឹងជម្ងឺច្រើនមុខ ប្រជាពលរដ្ឋស្នើសុំឱ្យមន្ទីរជំនាញជួយរកវិធីសាស្រ្តដើម្បីទប់ស្កាត់

ក្រចេះ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលប្រកបរបរដាំដំណាំក្រូចថ្លុងនៅតំបន់ដីកោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រុង ក្រុងក្រចេះ បានស្នើឱ្យមន្ទីរកសិកម្មខេត្ត ជួយបង្ហាញវីធីសាស្ត្រព្យាបាលជម្ងឺច្រើនមុខ ដែលកំពុងកើតឡើងនៅលើដើមក្រូចថ្លុងតូចធំនៅតាមចំការរបស់ពួកគាត់ ដោយមិនទាន់មានវិធីណាដែលអាចជួយព្យាបាលឱ្យបាត់នៅឡើយនោះទេ ប៉ុន្តែប្រសិនជាជម្ងឺនេះនៅតែបន្តរីករាលដាលទៅលើដំណាំក្រូចរបស់ពួកគាត់ វាធ្វើឱ្យទិន្នផល ផ្លែក្រូចឆ្នាំនេះមានការធ្លាក់ចុះ ហើយបាត់បង់ប្រាក់ចំណូលប្រចាំគ្រួសាររបស់ពួកគាត់ទៀតផង។

លោក ប៊ុន បាន ប្រធានសហគមន៍កោះទ្រង់បាននិយាយថា មានប្រជាពលរដ្ឋជាង៤០០គ្រួសារ ដែលកំពុងរស់នៅលើតំបន់ដីកោះ ក្នុងនោះមានប្រជាពលរដ្ឋ ប្រមាណជាង៧០% បានចាប់យករបរដាំក្រូចថ្លុង តែសព្វថ្ងៃនេះ ដំណាំក្រូចថ្លុងរបស់ប្រជាពលរដ្ឋនៅលើដីកោះ កំពុងប្រឈមនឹងជម្ងឺ៥មុខ ជម្ងឺងាប់មែក ជម្ងឺដួងស៊ីរើស ជម្ងឺផ្សិតដើម ជម្ងឺក្រាស្លឹក និងជម្ងឺចេញជ័រដើម ។

លោកថា ក្រោយពីកើតជម្ងឺទាំងនេះខាងសហកមន៍ ក៏បានយកផ្លែក្រូច ស្លឹកក្រូច និងសំបកដើមក្រូចថ្លុង យកមកឱ្យខាងមន្ទីរកសិកម្មខេត្ត ដើម្បីរកវិធីសាស្ត្រជួយព្យាបាល តែរហូតមកដល់ពេលនេះ ខាងមន្ទីរកសិកម្មមិនទាន់បានឆ្លើយតបមកវិញនៅឡើយនោះទេរហូតមកដល់ពេលនេះ។

លោកប្រធានសហគមន៍បានសម្តែងក្តីបារម្ភថា បើសិនជម្ងឺនេះនៅតែរកមិនឃើញពីមូលហេតុ ឬវិធីព្យាបាល មិនជានោះទេ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះមួយកម្រិត ព្រោះសព្វថ្ងៃសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋនៅលើតំបន់ដីកោះប្រមាណ៧០ភាគរយ គឺពឹងផ្អែកលើរបរដាំក្រូចថ្លុងបេះផ្លែលក់។

ប្រជាពលរដ្ឋដែលរស់នៅសង្កាត់កោះទ្រង់ ទល់មុខនឹងក្រុងក្រចេះ ប្រមាណជាង២០០គ្រួសារ ដែលមានរបរដាំក្រូចថ្លុង បាននិយាយស្រដៀងគ្នាថា សព្វថ្ងៃជីវភាពរបស់ពួកគាត់ បានធូរធារច្រើន ដោយពឹងផ្អែកលើការដាំក្រូចថ្លុងបេះផ្លែលក់ តែបច្ចុប្បន្ននេះដំណាំក្រូចថ្លុងរបស់ពួកគាត់ កំពុងតែប្រឈមនឹងជម្ងឺច្រើនមុខដោយមិនមានវិធីព្យាបាល។

ពួកគាត់បន្តថា ក្រោយពីជម្ងឺនេះ បានកំពុងរីករាយដាលលើដំណាំក្រូច ពួកគាត់រួមនឹងសមាគមន៍ក្រូចថ្លុងកោះទ្រុង ក៏បានជួបជុំគ្នា រិះរកវិធីព្យាបាល តែមិនបានទទួលលទ្ធផលនោះទេ។

លោក តី ទន វ័យជាង៤០ឆ្នាំ បានរៀបរាប់ឱ្យដឹងថា សព្វថ្ងៃនេះនៅក្នុងដីភូមិរបស់គាត់ បានដាំដើមក្រូចថ្លុង ជាង៥០ដើម និងកំពុងទទួលបានផលបណ្តើរៗ ហើយលោកក្រោងនឹងដាំបន្ថែមទៀត លើដីចំការដែលនៅសល់ ខាងក្រោយភូមិ ឱ្យបានយ៉ាងតិច១០០ដើម ដោយសារតែដំណាំប្រភេទនេះទទួលបានផលច្រើនខុសពីដំណាំដ៏ទៃ ដែលដាំនៅលើទំហំផ្ទៃដីដូចគ្នា និងមានតំលៃខ្ពស់នៅទីផ្សារ ។

គួរបញ្ជាក់ថា៖ ក្រូចថ្លុងកោះទ្រុងត្រូវបានគេបង្កើតជាសមាគមន៍មួយ មានឈ្មោះថា (សមាគមន៍ក្រូចថ្លុងកោះទ្រុង) ការបង្កើតជាសមាគមន៌នេះ គឺប្រយោជន៍ដើម្បី ផ្លាស់ផ្តូរយោបល់គ្នា និងស្វែងរកទីផ្សារលក់ផ្លែក្រូចជាដើម។ ហើយក្រូចនេះមានតែនៅលើទឹកដីខេត្តក្រចេះ និងមានរស់ជាតិផ្អែមឆ្ងាញ់ខុសពីក្រូចថ្លុងដ៏ទៃ ភាគច្រើន ភ្ញៀវទេសចរណ៌ជាតិ និងភ្ញៀវអន្តជាតិ ដែលមកកំសាន្តនៅទឹកដីខេត្តក្រចេះ គឺភ្ញៀវភាគច្រើនតែងតែចង់ស្គាល់ និងភ្លក់រស់ជាតិ ផ្លែក្រូចថ្លុងផ្អែមនេះ ។

នៅក្នុងខេត្តក្រចេះ ប្រភេទក្រូចថ្លុងនេះ គឺគេដាំបានតែនៅលើដីកោះ ដែលជា ជាប្រភេទដីល្បាយខ្សាច់ ជាដីមានជីជាតិ សម្រាប់ដាំក្រូចថ្លុង ហើយផ្លែវាមានរស់ជាតិឆ្ងាញ់ពិសារ៕ ដោយៈ EKH (PC2)

អត្ថបទដែលជាប់ទាក់ទង