អាជ្ញាធរជាតិអប្សរា និងសារមន្ទីររដ្ឋធានីរបស់ចិន ចុះអនុស្សរណៈយោគយល់គ្នាបង្កើតទំនាក់ទំនងគ្នាលើការងារសារមន្ទីរ

សៀមរាប៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសារមន្ទីររដ្ឋធានីរបស់ចិន ដើម្បីធ្វើការរួមគ្នាលើវិស័យសារមន្ទីរ។ គោលបំណងនៃអនុស្សរណៈនេះក៏មានបំណងដើម្បីផ្លាស់ប្ដូរការតាំងពិព័រណ៌ ការស្រាវជ្រាវ និងផ្លាស់ប្ដូរបទពិសោធន៍ ព្រមទាងបណ្ដុះបណ្តាលអ្នកជំនាញផ្នែកសារមន្ទីរផងដែរ។

ពិធីចុះអនុស្សរណៈយោគយល់ត្រូវបានធ្វើឡើងដោយអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ និងប្រធានសារមន្ទីររដ្ឋធានី លោក HAN Zhanming។ ខ្លឹមសារពិស្ដារពីបំណងនៃពិធីចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ រួមមាន បង្កើតការផ្លាស់ប្ដូរការសិក្សាស្រាវជា្រវផ្តោតលើសមុច្ច័យរបស់សារមន្ទីរទាំងពីរ បង្កើតការផ្លាស់ប្ដូរស្ដពីការតាំងពិព័រណ៍ និងសហការអភិរក្សរួមគ្នារវាងភាគីទាំងពីរ បង្កើតការផ្លាស់ប្ដូរបុគ្គលិកនិងអ្នកជំនាញសារមន្ទី និងអញ្ជើញបុគ្គលិកសារមន្ទីរចូលរួមក្នុងសន្និសីទ និងសកម្មភាពផ្សេងៗទៀត។

មានមតិស្វាគមន៍ក្នុងពិធីចុះអន្សរសណៈយោគយល់នេះដែរ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរម្លឹកឡើងវិញនូវទំនាក់ទំនងគ្នាយ៉ាងល្អប្រសើររវាងភាគីចិន និងកម្ពុជា ហើយស្ថាប័នមួយរបស់ចិនក៏បាននិងកំពុងជួយការងារជួសជុលប្រាសាទបុរាណខ្មែរផងដែរ។ ម្យ៉ាងទៀត នេះជាលើកទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈយោគយល់ជាមួយភាគីចិន ទាក់ទងនឹងវិស័យសារមន្ទីរ។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយកក៏បានរៀបរាប់ពីសារមន្ទីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមមាន សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌអាស៊ី និងសារមន្ទីរកុលាលភាជន៍ភូមិតានី។

គួរបញ្ជាក់ថា៖ អនុស្សរណៈនេះរៀបចំឡើងស្របពេលដែលពិភពលោកកំពុងអបអរទិវាសារមន្ទីរអន្ដរជាតិ ១៨ ឧសភា ក្រោមប្រធានបទ «សារមន្ទីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ វិធីសាស្រ្តថ្មី សាធារណជនថ្មី (Hyperconnected Museums New approaches, new publics)»៕ ដោយ៖ K.S(L.A.M)

 

អត្ថបទដែលជាប់ទាក់ទង