ប្តីរវល់ដើរផឹកស៊ី ប្រពន្ធដាំស្លយកទៅលក់នៅរោងចក្រ ភ្លេចពន្លត់ភ្លើងចង្ក្រានឆេះផ្ទះ បំផ្លាញទ្រព្យអស់មួយចំនួន នៅស្រុកក្រគរ

ពោធិ៍សាត់៖ គ្រួសារក្រីក្រមួយ ប្រពន្ធប្រឹងដាំស្ល ប្រញ៉ាប់យកទៅលក់ចិញ្ចឹមក្រពះ មិនបានពន្លត់ភ្លើងចង្ក្រាន ឯប្តីប្រឹងដើរផឹកស៊ីផ្ទះគេមិននៅជួយកិច្ចការផ្ទះផង ត្រូវភ្លើងឆាបឆេះបំផ្លាញទាំងរបស់របរអស់មួយចំនួន។ ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងនៅវេលាម៉ោង១២ៈ២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសារវ័ន្ត ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ផ្ទះដែលរងការឆាបឆេះនោះមានទំហុំ៣×៤ ដំបូលនិងជញ្ជាំងស័ង្កសី ក្រាលក្តារភ្ជាប់និងផ្ទះបាយ ដំបូលនិងជញ្ជាំងស្លឹក ដែលម្ចាស់ឈ្មោះសេង វិចិត្រអាយុ៥០ឆ្នាំ រីឯប្រពន្ធឈ្មោះ ជឹមសូ លីអាយុ៣៤ឆ្នាំ មានកូនប្រុសស្រីក្នុងបន្ទុកចំនួនពីរនាក់។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុប្រពន្ធដាំស្លយកទៅលក់នៅរោងចក្រកាត់ដេរ ដោយប្រញ៉ាប់ក្រែងហួសម៉ោងភ្លេចពន្លត់ភ្លើងចង្ក្រានដូចរាល់ដង ឯចំណែកប្តីរវល់តែដើរផឹកផ្ទះគេបាត់ៗ កូនទៅលេងផ្ទះអ៊ុំផងដែរ គ្មានអ្នកនៅផ្ទះឯភ្លើងចង្ក្រានក៏ឆាបឆេះចេញពីផ្ទះបាយបន្តផ្ទះធំអស់ជញ្ជាំងមួយចំហៀង ប៉ុន្តែបានអ្នកនៅក្បែរនិងប្រជាការពារមកជួយពន្លត់ទាន់កុំអីអំណាចភ្លើងលេបត្របាក់អស់គ្មានសល់ឡើយ។

សូមបញ្ជាក់ថាសរុបការខូចខាត ភ្លើងបានឆេះបំផ្លាញផ្ទះបាយ ជញ្ជាំងផ្ទះធំអស់ពាក់កណ្តាល មុង ភួយ កន្ទេល ខោ អាវ កង់មួយគ្រឿង ក្បាលឌីសមួយគ្រឿង សរុបទឹកប្រាក់អស់ប្រម៉ាណជា ៤លានរៀល៕ S.P(L.A.M)

អត្ថបទដែលជាប់ទាក់ទង