ជំទាវរំលោភទៀតហើយ!! យកសួនច្បារសម្តេច ហ៊ុន សែន ជាប់បណ្តោយឆ្នេរសមុទ្រព្រែកត្រែង ខេត្តព្រះសីហនុ ធ្វើជាកម្មសិទ្ធយ៉ាងរំភើយ…..!

ព្រះសីហនុ៖ របងប៉េតុងមានប្រវែងបណ្តោយប្រមាណជា៣០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ ជាប់ទៅនិងសមុទ្រហុំព័ទ្ធយកដីសួនច្បារសម្តេច ហ៊ុន សែន នៅតាមបណ្តោយតិរវិថីសម្តេចហ៊ុន សែន ត្រង់ចំណុចជាប់ស្ពានថ្មព្រំប្រទល់ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ស្ថិតក្នុងភូមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលអ្នកមើលកិច្ចការសាងសង់របងខាងលើបានអះអាងថា ជាដីលោកជំទាវម្នាក់មានមុខងារធំនៅក្នុងជួរថ្នាក់ដឹក នាំលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ គណៈកម្មការរដ្ឋបាលសាលាស្រុកស្ទឹងហាវ ដឹកនាំដោយលោកសុន ពិសីអភិបាលរងស្រុកស្ទឹងហាវ សហការណ៍ជាមួយលោក លី ចិត្តនិយម ប្រធានការិយាល័យអភិវឌ្ឍន៍ គ្រប់គ្រងសំណង់សាលាខេត្តព្រះសីហនុ បានចុះធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ និងឲ្យម្ចាស់សំណង់របងប៉េតុងខុសច្បាប់ខាងលើ ធ្វើការរុះរើដោយខ្លួនឯងចេញពីដីចំណីឆ្នេរសមុទ្រដែលជាទីតាំងដីសួនច្បារសម្តេច ហ៊ុន សែន សម្រាប់ភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិមកលេងកម្សាន្ត។

មន្ត្រីតូចតាចម្នាក់នៅក្នុងក្រុមការងារខាងលើបាននិយាយថា នេះជាសកម្មភាពលើកទី០២ហើយ ដែលក្រុមការងាររដ្ឋបាលសាលាស្រុកស្ទឹងហាវ និងរដ្ឋបាលសាលាខេត្ត បានចុះមកឃាត់ការសាងសង់សំណង់របងខុសច្បាប់លើទីតាំងខាងលើ។ ប៉ុន្តែពេលចុះមកទាំង០២លើក ក្រុមការងាររកមុខម្ចាស់សំណង់ខាងលើមកធ្វើកិច្ចសន្យាទទួលខុសត្រូវ បញ្ឈប់សកម្មភាពសាងសង់មិនបាន មានតែកម្មករដែលទទួលការសាងសង់ប្តូរកម្លាំងយកថ្លៃឈ្នួលពលកម្មតែប៉ុណ្ណោះ។ ពេលក្រុមការងារមកដល់ឃាត់ក៏ឈប់ទៅពេលក្រុមការងារខាងលើវិលត្រឡប់ទៅវិញលួចសាងសង់បន្តរហូតមកដល់ពេលនេះសំណង់ខាងលើបានប្រមាណជា៨០%ទៅហើយ( ពាក្យចាស់ថា អង្ករ ចង់ក្លាយជាបាយទៅហើយ)។ បញ្ហារដូចមន្ត្រីតូចតាចខាងលើលើកឡើងត្រូវបានប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិ ដែលបានឃើញសកម្មភាពអ្នកលួចសាងសង់របងបេតុងនិងគណ:កម្មការដែលចុះមកបញ្ឈប់ការសាងសង់បានដាក់ការសង្ស័យថា ជាសកម្មភាព( ត្រូវដង.ត្រូវផ្លែ ជាមួយគ្នាតែប៉ុណ្ណោះ)ដោយហេតុថាការចុះមកអនុវត្តច្បាប់ស្តីពីសំណង់រឹងមាំលើដីចំណីឆ្នេររបស់រដ្ឋ ដែលដឹកនាំដោយលោក លី ចិត្តនិយម ប្រធានការិយាល័យខាងលើនៃការិយាល័យអន្តរវិស័យសាលាខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការដែលដឹកនាំក្រុមការងារមកបញ្ឈប់ការសាងសង់របងបេតុងមិនមានប្រសិទ្ធភាពបន្តិចណាឡើយ។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិបានសំណូមពរដល់លោកយន្ត មីន អភិបាលខេត្តព្រះសីហនុមេត្តាជួយអន្តរាគមន៍និងមានចំណាត់ការថ្មីៗបន្ថែមទៀតទៅលើម្ចាស់សំណង់ខាងលើនិងមន្ត្រីដែលចុះមកអនុវត្តច្បាប់ដើម្បីបានរុះរើសំណង់របងបេតុងដែលហ៊ុំព័ទ្ធយកដីចំណីឆ្នេរចេញវិញ ដែលកន្លងមកដីដែលស្ថិតក្នុងការហ៊ុំព័ទ្ធបានដាក់ឈ្មោះថា( សួនច្បារសម្តេច ហ៊ុន សែន)ដែលជាកន្លែងបម្រើឲ្យប្រយោជន៍សាធារណៈនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ដោយ វ៉ើន កញ្ញា (L.A.M)

អត្ថបទដែលជាប់ទាក់ទង