ការបង្កចលាចល ការប៉ះបោ ការផ្លាស់ប្តូររដ្ឋអំណាចតាមរយៈការធ្វើបដិវត្តពណ៌ និងការធ្វើបាតុកម្មគឺជាទង្វើខុសច្បាប់

កំពត៖ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មនីរត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ដល់ប្រជាពលរដ្ឋថាលទ្ធិប្រជាធិបតេយ្យស្តែងចេញដំបូងបង្អស់ តាមរយៈការប្រើសិទ្ធិរបស់ប្រជាពលរដ្ឋ ទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត មិនមែនតាមរយៈការបង្កចលាចល ការប៉ះបោ ការធ្វើបដិវត្តពណ៌ និងការធ្វើបាតុកម្មនោះទេ ហើយថាទង្វើទាំងនោះផ្ទុយទាំងស្រុងទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសជាទង្វើខុសច្បាប់ត្រូវទទួលទោសទណ្ឌ។​

ការថ្លែងបែបនេះនៅក្នុងឱកាសដំណើរទស្សនកិច្ច និងសំណេះសំណាលជាមួយបុគ្គលិក និងប្រជាពលរដ្ឋ មណ្ឌលសន្និធិប្រេង ក្រុមហ៊ុន ប៉ាប៉ាបេត្រូលៀម ស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨ប្រមាណចំនួន២៥០០នាក់ ។

ឯកឧត្ដម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងឲ្យដឹងទៀតថា ការបង្កចលាចល ការប៉ះបោ ការផ្លាស់ប្តូររដ្ឋអំណាចតាមរយៈការធ្វើបដិវត្តព័ណ៍ និងការធ្វើបាតុកម្មទាមទារទម្លាក់ រដ្ឋាភិបាលពីមុខតំណែងជាដើមនេះ មិនមែនជាមធ្យោបាយល្អប្រសើរ ក្នុងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋទេ ហើយចលនាទាំងអស់ហ្នឹង គឺរបៀបចង់បានអំណាច ដោយមិនគោរពគោលការណ៍ប្រជាធិបតេយ្យ ដែលនាំទៅដល់ការបាត់បង់សុខសន្តិភាព កើតចលាចលនៅក្នុងសង្គម ហើយនាំទៅដល់ការផ្ទុះសង្គ្រាម នាំមកនូវជម្លោះផ្ទៃក្នុង ធ្វើឲ្យប្រជាពលរដ្ឋក្លាយជាអ្នករងទុក្ខ ជាអ្នករងគ្រោះនៅទីបំផុត ដោយសារសង្គ្រាម និងភាពចលាចលទាំងឡាយនៅក្នុងសង្គម។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា៖ ការចូលរួមកិច្ចដំណើរការប្រជាធិបតេយ្យ គឺយើងទាំងអស់គ្នាត្រូវទៅបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំដែលយើងស្រលាញ់ ដែលយើងចង់បាន ដោយគោរពតាមគោលការណ៍ច្បាប់ និងគោលការនៃលទ្ធិប្រជាធិបតេយ្យ។ការបោះឆ្នោតជាការងារដែលមានសារៈសំខាន់សម្រាប់យើងគ្រប់ៗរូប សម្រាប់សង្គមជាតិទាំងមូល ហើយជាការចូលរួមចំណែក ក្នុងការការពារ រក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការធានានូវលក្ខខ័ណ្ឌ ចាំបាច់ដើម្បីការអភិវឌ្ឍប្រទេសជាតិយើង តទៅទៀត ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានក្រើនរំលឹកស្នើសុំឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី បុគ្គលិក អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ឬបក្សដែលយើងស្រលាញ់ ពិសេសត្រូវចេះជ្រើសអ្នកដឹកនាំណា ដែលផ្តល់ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រីកចម្រើន ឯកឧត្តមបានរំឭកឲ្យពលរដ្ឋពិចារណាថា នាពេលកន្លងមក តើអ្នកណាដែលជាអ្នកដឹកនាំ បង្កើតបាននូវសុខសន្តិភាព បង្កើតបាននូវការអភិវឌ្ឍ បង្កើតបាននូវការរីកចម្រើន ផ្តល់នូវសិទ្ធិសេរីភាពដល់បងប្អូនយើងទាំងអស់គ្នា? ដូច្នេះត្រូវតែបន្តបោះឆ្នោតដើម្បីឲ្យថ្នាក់ដឹកនាំយើងអាចបន្តការដឹកនាំប្រទេសឲ្យបានកាន់តែអភិវឌ្ឍរីកចម្រើនជឿនលឿន រុងរឿងសម្បូរសប្បាយថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដែរថា៖ បើអ្នកទាមទាទាំងឡាយណាស្រែកថាដូរ ប៉ុន្តែដូរតាមរយៈបាតុកម្ម ប្រព្រឹត្តអំពើខុសច្បាប់ ហើយបែរមកប្រកាសខ្លួនឯង ថាស្រលាញ់លទ្ធិប្រជាធិបតេយ្យ ចង់បាននូវប្រជាធិបតេយ្យ ចង់ផ្តល់នូវសិទ្ធិដល់ប្រជាពលរដ្ឋ ហើយអំពាវនាវថា កុំឲ្យទៅបោះឆ្នោតនោះ សូមពលរដ្ឋទាំងអស់កុំជឿ កុំស្តាប់ឲ្យសោះ ព្រោះពួកនោះសុទ្ធតែពួកល្មោភអំណាច គិតតែផលប្រជោយន៍ផ្ទាល់ខ្លួន ហើយជាទង្វើផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ប្រជាធិបតេយ្យ។

សរុបឲ្យខ្លី៖ ពលរដ្ឋត្រូវប្រើសប្រាស់សិទ្ធិ លើកតម្កើងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទន្ទឹមនេះការពារ សុខសន្តិភាព ធានាបាននូវលក្ខខ័ណ្ឌល្អប្រសើរក្នុងការអភិវឌ្ឍ និងការរីកចម្រើនតទៅទៀត ដើម្បីយើងទាំងអស់គ្នាទទួលបាន ភាពសុខដុមរម្យនា រស់នៅក្នុងការជួបជុំគ្នា ដោយសុខសប្បាយ នឹងទទួលបានការរីកចម្រើនទាំងអស់ គ្នាតទៅទៀត ដើម្បីសម្រេចបានទាល់តែយើងទាំងអស់គ្នានេះ អនុវត្តសិទ្ធិរបស់យើង ដំបូងបំផុត គឺតាមរយៈការទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ដែលយើងស្រលាញ់ ដែលយើងយល់ថា មេដឹកនាំរូបនោះអាចជួយផ្តល់ និងរក្សានូវសុខសន្តិភាពជារៀងរហូតទៅ។

ក្នុងឱកាសនេះ ឯកឧតម ទេសរដ្ឋមន្រ្តី​ ក៏បាននាំយកអំណោយរបស់សម្តចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលបានចូលរួមចំនួន ២.៥០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករមួយបាវ ថវិកា២ម៉ឺនរៀល, ក្រុមកាយឫទ្ធិ និងយុវជនស្ម័គ្រចិត្តចំនួន១០៨នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀល, មន្ត្រីសាលាខេត្តកំពត និងសាលាស្រុកទឹកឈូ ១៣៥នាក់ ម្នាក់ៗ ៥ម៉ឺនរៀល, បុគ្គលិកក្រុមហ៊ុនប៉ាប៉ាប៉េត្រូលៀម ១៧៤នាក់ ម្នាក់ៗ ៥ម៉ឺនរៀល, ផ្តល់ជូនសាលាខេត្តកំពត ម៉ូតូ១០គ្រឿង ថវិកា២០លានរៀល, សាលាខេត្តកែបម៉ូតូ១០គ្រឿង ថវិកា២០លានរៀល, សាលាខេត្តព្រះសីហនុ២០លានរៀល, កម្លាំងនគរបាល៥សែនរៀល, កម្លាំងអាវុធហត្ថ៣សែនរៀល, កម្លាំងប្រជាការពារ២សែនរៀល, សាលាស្រុកទឹកឈូ២លានរៀល, សាលាឃុំព្រែកត្នោត១លានរៀល, និងជូនដល់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំព្រែកត្នោត៥០ម៉ឺនរៀលផងដែរ៕ ដោយ៖H.P (L.A.M)

អត្ថបទដែលជាប់ទាក់ទង