(CDC) បានអនុម័តផ្តល់សិទិ្ធលើគម្រោងស្នើសុំវិនិយោគទៅឱ្យក្រុមហ៊ុនចំនួនជាង៥០ ដែលមានទឹកប្រាក់វិនិយោគសរុបមានតម្លៃជាងជាង ៦៥០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលជិត៥ខែដំបូង ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តផ្តល់សិទិ្ធលើគម្រោងស្នើសុំវិនិយោគទៅឱ្យក្រុមហ៊ុនចំនួនជាង៥០ ដែលមានទឹកប្រាក់វិនិយោគសរុបមានតម្លៃជាង ៦៥០លានដុល្លារ។

ការផ្សាព្វផ្សាយ​ពី​ការ​អនុម័ត​​ផ្តល់​សិទ្ធិ​​លើ​គម្រោង​​វិនិយោគ ដែលក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ផ្សាយជា​សាធារណៈ​នៅក្នុង​ទំព័រ​​ហ្វេសប៊ុក​របស់ខ្លួន ធ្វើ​ឡើង​ដាច់​ដោយឡែក​ពីគ្នា គិតចាប់តាំង ពីខែមករា រហូត​ដល់ពាក់​កណ្តាល​ខែឧសភា ឆ្នាំ២០១៨ នេះ​ឃើញថា ភាគច្រើន​គឺ​សុទ្ធសឹង​​ជា​ក្រុមហ៊ុន​វិនិយោគ​ទាក់ទង​​ក្នុង​វិស័យ​​ឧស្សា​​ហ​កម្ម​​កាត់​ដេរ​​សម្លៀក​​បំពាក់ និងស្បែកជើង​ ក្រុម​ហ៊ុន​​ផលិត​កាបូប ផលិតចំណីសត្វ ផលិត​​គ្រឿង​បង្គុំ​រថយន្ត និងផលិត​​គ្រឿង​បន្លាស់​​ បរិក្ខា​​ពេទ្យ ក្រុមហ៊ុន​ផលិតជីវមាស​ឥន្ធនៈ ផលិត​ប្រអប់​ផ្លាស្ទិក ផលិត​បំពង់​ទឹក កសិដ្ឋាន​ដំាដំណាំ កសិឧស្សាហកម្ម ម៉ាស៊ីន​កិនស្រូវ និងកែ​ច្នៃអង្ករ រោងចក្រ​ផលិត​សាប៊ូ និងថ្នាំបោះពុម្ព រោងចក្រកែ​ច្នៃឈើ រោងចក្រ​ផលិត​អំពូលភ្លើង ផលិត​បរិក្ខាកង់ និងម៉ូតូ រោងចក្រ​ផលិតថ្នាំ និងជីក​សិកម្ម រោងចក្រ​ផលិត​ស្ករគ្រាប់ និងនំគ្រប់​ប្រភេទ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ រោងចក្រ​​ផលិត​សំណ និងស័ង្កសី រោងចក្រ​ផលិត​បារី និងក្រដាស។

គួរញ្ជាក់ថា រាល់គម្រោង​ដែលបាន​អនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នេះ ភាគច្រើន​គឺ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ហើយបើ​តាម​របាយ​ការណ៍​​ពី ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា ក្នុង​ចំណោម​​តំបន់​សេដ្ឋកិច្ច​​ពិសេស​​ទាំង​​៣២នោះ គឺមាន​តំបន់​សេដ្ឋកិច្ច​​ពិសេស​តែ ១៩​កន្លែង​ប៉ុណ្ណោះ ដែល​​មានសកម្មភាព​​អភិវឌ្ឍន៍​​​ខ្លាំង។

តាមរបាយការណ៍​​ពីក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជាដដែល ​បានឲ្យដឹងទៀត​ថា នៅក្នុង​ឆ្នាំ​​២០១៧​កន្លងទៅ ទុនវិនិយោគ​​សរុប​របស់​​តំបន់​​សេដ្ឋកិច្ច​ពិសេស​​ទាំងអស់ មានប្រមាណ​​ជាង ២,៧ ពាន់លាន ដុល្លារ​អាមេរិក ក្នុងនោះ មាន៩៩% ជាការ​​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​ FDI រួម​ជាមួយ​​នឹងទឹក​​ប្រាក់នាំ​ចេញ​សរុប​​មានជាង ១,៥ ពាន់​លាន​​ដុល្លារ​​អាមេរិក។

ជាមួយគ្នានេះដែរ កំណើននៃ​ការ​នាំចេញ​របស់​តំបន់​​សេដ្ឋកិច្ច​​ពិសេស​ ក៏មាន​ចំនួន​មួយខ្ពស់​​គួរ​ឲ្យ​​ចាប់​​អារម្មណ៍​ដែរ ពោលគឺ​​មាន​ប្រមាណ​៤១% ក្នុងមួយ​​ឆ្នាំ ខណៈដែល​​កំណើន​​នៃ​ការនាំ​​ចេញ​​​សរុប​​របស់កម្ពុជា​​មាន​ប្រមាណ​​១៤%​ក្នុង​មួយឆ្នាំ​។

ក្នុងនោះ នៅឆ្នាំ២០១៧ ការនាំចេញ​របស់តំបន់​​សេដ្ឋកិច្ច​​ពិសេស​​នៅក្រុង​​បាវិត​​មាន​ចំនួន​​ច្រើនជាង​គេ ពោលគឺ​មាន​ប្រមាណ​​៤៦៩​លាន​ដុល្លារ​​អាមេរិក ឬស្មើនឹង​​ប្រមាណ​​៥០% នៃការនាំចេញ​សរុប​របស់​តំបន់​​សេដ្ឋកិច្ច​ពិសេស​​ទាំងអស់​។ រីឯ ការនាំចេញ​​របស់តំបន់​​សេដ្ឋកិច្ច​ពិសេស​​​ភ្នំពេញ​វិញ​ មានចំនួន ២៨៦លាន​ដុល្លារ​អាមេរិក ខណៈដែល​​តំបន់​សេដ្ឋកិច្ច​​ពិសេស​នៅខេត្ត​​ព្រះ​សីហនុ​​មាន ២៥៦លាន​ដុល្លារ​អាមេរិក តំបន់​សេដ្ឋកិច្ចនាង​កុក​​ខេត្ត​កោះកុង មាន១៤៨លានដុល្លារ និងតំបន់​​សេដ្ឋកិច្ច​​​ពិសេស​​​ផ្សេងៗ​​​ទៀត​​​​មាន ៦៦លាន​ដុល្លារ​​អាមេរិក ៕

 

អត្ថបទដែលជាប់ទាក់ទង