អភិបាលក្រុងព្រះសីហនុ ព្រមានក្រុមហ៊ុនប្រមូលសំរាម ដោយទុកពេលឱ្យ០៣ខែទៀត

ខេត្តព្រះសីហនុ៖ ក្នុងឪកាសប្រារព្ធទិវាបរិស្ថាន កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០១៨ នៅសួនច្បារអតីតមហោស្របចាស់ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានធ្វើការព្រមានខ្លាំងៗទៅលើក្រុមហ៊ុន ប្រមូលសម្រាមKSWMបានផ្ដល់ឪកាសអោយរយៈពេល០៣ខែ ប្រសិននៅតែពុំមានលទ្ធភាពសំអាតបរិស្ថាន(បង្កើនសេវាប្រមូលសម្រាម)អោយបានល្អនោះទេ លោកនឹងដកអាជ្ញាប័ណ្ណចេញ ប្រគល់អោយក្រុមហ៊ុនផ្សេងវិញ។

លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងបញ្ជាក់ពីជំហររបស់អាជ្ញាធរដែនដី(អាជ្ញាធរក្រុង)ថា ស្របពេលកំណើនអ្នកវិនិយោគមកកាន់តែច្រើន បញ្ហាសម្រាមគឺជាកត្តាចាំមួយដែលអាជ្ញាធរក្រុង ខេត្ត រួមជាមួយអង្គភាពពាក់ព័ន្ឋត្រូវតែយកចិត្តទុកដាក់ ជាពិសេសក្រុមហ៊ុនដែលទទួលបានសិទ្ឋផ្តាច់មុខលើសេវាកម្មប្រមូលសម្រាម នៅទូទាំងខេត្តព្រះសីហនុ ហេតុនេះ ក្រុមហ៊ុនប្រមូលសម្រាមKSWM ត្រូវតែបង្កើននូវសេវាកម្មនេះអោយបានល្អ ទាំងសម្ភារបរិក្ខារនិងកម្លាំងបុគ្គលិកបម្រើការរបស់ក្រុមហ៊ុន ដូចជារថយន្តសម្រាប់ដឹកជញ្ជូន និងកម្មករផងដែរ។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់បច្ចុប្បន្ននេះ អាជ្ញាធរក្រុងសង្កេតឃើញថា ការប្រមូលសម្រាមរបស់ក្រុមហ៊ុន នៅពុំទាន់អាចបំពេញសេចក្តីត្រូវរបស់ប្រជាពលរដ្ឋបាននៅឡើយទេ ហេតុនេះ អាជ្ញាធរ ក្រុងទុកឪកាសតែរយៈពេល០៣ខែទៀតតែប៉ុណ្ណោះ ក្នុងការបង្កើនលើសេវាកម្មប្រមូលសម្រាមនេះអោយបានល្អបើពុំនោះទេអាជ្ញាធរក្រុង នឹងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន ប្រគល់អោយក្រុមហ៊ុន ផ្សេងដែលមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការប្រមូលសម្រាមនេះ។

ឆ្លើយតបទៅនឹងចំណាត់ការរបស់អាជ្ញាធរក្រុង តំណាងក្រុមហ៊ុនKSWM បានអះអាងថា សម្រាប់បច្ចុប្បន្ន ក្រុមហ៊ុនទទួលស្គាល់ថា គឺមានការខ្វះខាតរថយន្តនិងកម្លាំងពលកម្មពិតមែន ប៉ុន្តែសម្រាប់រថយន្តប្រមូលសំរាមនឹងមកដល់ក្នុងពេលឆាប់ៗនេះ ជាច្រើនគ្រឿងទៀត ឯ កំលាំងកម្មករ ក្រុមហ៊ុនកំពុងប្រកាសជ្រើសរើសជាបណ្តើរៗហើយ ហើយសង្ឃឹមថា នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងប្តេជ្ញាប្រមូលអោយបានទាន់ពេលវេលា បើទោះបីជាសំរាមដែលបញ្ចេញ ក្នុងមួយថ្ងៃៗបានកើនដល់៤០០តោនយ៉ាងណាក្តី។

សូមបញ្ជាក់ផងដែរថា៖ សម្រាប់ក្រុមហ៊ុនKSWM នេះ បើគិតមកដល់ខែឱសភានេះ គឺមានអាយុជិតមួយឆ្នាំហើយ ប៉ុន្តែសកម្មភាពប្រមូលសំរាម គេសង្កេតឃើញថា ហាក់ពុំមានការរីកចម្រើននោះទេ ព្រោះនៅតាមដងវិថី នា នា ក៏ដូចជាផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ គំនរសំរាមជាច្រើននៅតែបង្អួតខ្លួនជូនភ្ញៀវទេសចរណ៍ដដែល៕

 

អត្ថបទដែលជាប់ទាក់ទង