ការប្រកួតជាផ្លូវការកីឡាជាតិលើកទី២ នឹងធ្វើឡើងនៅល្ងាចនេះ !

ភ្នំពេញ៖ ពិធីបើកការប្រកួតកីឡាជាតិលើកទី២ ប្រព្រឹត្តិទៅនៅថ្ងៃសុក្រទី១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយមានពិធីព្រះរាជទានភ្លើងគប់ដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ពីព្រះបរមរាជវាំងដល់កីឡាករវេលាម៉ោង ៧និង៣០នាទីយប់ ដើម្បីដង្ហែយកមកដុតបំភ្លឺ គប់នៅពហុកីឡដ្ឋានជាតិ ដែលជាកន្លែងប្រារព្ធពិធីបើក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនេះ។

ព្រឹត្តិការណ៍កីឡាពីរឆ្នាំម្តងរបស់កម្ពុជា កីឡាជាតិ ឆ្នាំ២០១៨ ត្រូវប្រារព្ធពិធី បើកល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដោយរំពឹងថាមហាជន អ្នកគាំទ្រកីឡារាប់ម៉ឺននាក់នឹងចូលរួម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថាយើងរៀបចំរួចរាល់ហើយសម្រាប់ពិធីបើកដ៏អាស្ចារ្យ ខណៈដែលផ្នែកពាក់ព័ន្ធទាំងអស់ដែលបង្ហាញខ្លួនក្នុងពិធីបើកពិតជានឹងធ្វើបានល្អ ព្រោះផ្នែកនីមួយៗ បានហ្វឹកហាត់សមគ្រប់គ្រាន់។

កីឡាករដែលត្រូវបានជ្រើសរើសទទួលគប់ភ្លើងពីព្រះមហាក្សត្រនៃយើង គឺម្ចាស់មេដាយមាសកីឡាស៊ីហ្គេម២០១៧ លើកីឡាគុនខ្មែរ ឃុន ឌីម៉ា និងអមដោយតារាបាល់ទាត់កំពូលពីររូបរបស់កម្ពុជា ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា។

គប់ភ្លើងចាកចេញពីព្រះបរមរាជវាំង សំដៅទៅកាន់ពហុកីឡដ្ឋានជាតិដោយរត់កាត់វិមានឯករាជ្យ ស្តុបពេទ្យចិន គីរីរម្យ វត្តមហាមន្ត្រី អូឡាំពិក។ ពេលដល់ពហុកីឡដ្ឋានជាតិ កីឡាករ ឃុន ឌីម៉ា នឹងប្រគល់គប់ភ្លើងជួន កីឡាការិនីអ៊ុក ស្រីមុំ កែឡេង និងស៊ន សៀវម៉ី និងប្រគល់ជួនសម្តេចតេជោ នាយករដ្ឋមន្ត្រី ដុតបំភ្លឺគប់ បញ្ជាក់ថាព្រឹត្តិការណ៍ជាង១០ថ្ងៃដំណើរការហើយ។

ក្នុងពិធីបើកនេះដែរ មានការចូលរួមពីតារាចម្រើងល្បីៗនៅកម្ពុជាដូចជាលោកព្រាប សុវត្ថិ កញ្ញា មាស សុខសោភា ស៊ុន ស្រីពេជ្រ ទៀងមុំ សុធាវី និងលោក ជិន វឌ្ឍនា។
ផ្ទាំងទស្សនីយភាពជាច្រើននឹងត្រូវបង្ហាញដូចជា ក្បួនដង្ហែកងទ័ពសម័យបុរាណដោយក្រុមល្បុក្កតោ សម្តែងចលនាសមស្របដោយគរុសិស្ស ការសម្តែងពិសេសដោយក្រុមតេក្វាន់ដូ ។ ពិសេសជាងនេះក៏នឹងមានផ្ទាំងទស្សនីយភាព “យើងខ្មែរ” ដែលរៀបចំដោយយុវជន សសយក ។

ការប្រកួតកីឡាជាតិដែលជាដំណើរឆ្ពោះទៅរកការរៀបចំកីឡាស៊ីហ្គេម ២០២៣នៅកម្ពុជា ឆ្នាំនេះមាន២៨ក្រសួង រាជធានីខេត្ត ចូលរួមប្រកួតប្រជែងមេដាយលើ២៧ប្រភេទកីឡា ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៨។

គួររំលឹកថាកីឡាជាតិលើកទី១ មានតែ២៧ ក្រសួង រាជធានីខេត្ត ចូលរួមប្រកួតប្រជែងលើ១៥ប្រភេទកីឡាតែប៉ុណ្ណោះ។

កាលនោះរាជធានីភ្នំពេញលេខ១ ដណ្តើមបានមេដាយសរុប ១០២ គ្រឿង (មាស ៤១ ប្រាក់ ៣៤ និងសំរឹទ្ធ ២៧)

លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប ៥៩គ្រឿង (មាស ២៨ ប្រាក់ ១៦ និងសំរឹទ្ធ១៥)

លេខ៣ក្រសួងការពារជាតិ

លេខ៥ ខេត្តកណ្តាល

លេខ៥ ខេត្តសៀមរាប។ ចំនែកខេត្តត្បូងឃ្មុំលេខ២៧ មិនមានមេដាយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង