ផ្ទះទី៧១អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ជូនអតីតយុទ្ធជនពិការ

កំពង់ធំ៖ ផ្ទះទី៧១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូន លោក បោយ បាន អាយុ ៦៥ឆ្នាំ ជាអតីតយុទ្ធជនពិការ តាមរយះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ ។

ពិធីប្រគល់ផ្ទះជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ទី២៦ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ជាអធិបតីភាព អមដំណើរដោយ ជាមួយអាជ្ញាធរស្រុកស្ទោង ប្រគល់ជូនលោក បោយ បាន និងក្រុមគ្រួសារ បច្ចុប្បន្នរស់នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

ផ្ទះថ្មី ដែលទើបសាងសង់រួច មានទំហំ៦ម៉ែត្រx ៧ម៉ែត្រ សង់ខ្ពស់ផុតពីដី ជណ្ដើរកាច់ ដំបូលនិងជញ្ជាំងស័ង្កសី រនាបក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៦៥០,០០០រៀល ក្នុងឳកាសប្រគល់ផ្ទះថ្មីនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាបានពាំនាំនូវអំណោយសម្ដេចតេជោហ៊ុន សែន មកឧបត្ថម្ភជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០ គីឡូក្រាម មីយើងចំនួន២ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ មុងជ្រលក់ថ្នាំ ២ និងថវិកាចំនួន ១០០,០០០ រៀល ។

លោក បោយ បាន ជាអតីតយុទ្ធជនពិការ អាយុ ៦៥ ឆ្នាំ ឋានន្តរសក្ដិព្រឹន្ទបាលឯក មានភរិយាឈ្មោះស្មាន់ រ៉ុម អាយុ៥១ ឆ្នាំ មានកូនចំនួន៤នាក់ នៅក្នុងបន្ទុកចំនួន ២ នាក់ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចជាកាលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន និងបានបង្កើតឲ្យមានក្រុមការងារតាមបណ្តាខេត្ត ចុះជួយអតីតយុទ្ធជនបានទាន់ពេលវេលា និងសូមប្តេជ្ញាស្មោះត្រង់និងគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តាំផ្ញើរដល់ក្រុម គ្រួសារលោក បោយ បាន ឲ្យថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្ន ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ ក្នុងរដូវភ្លៀងផ្គរនេះ ដោយពិសារអាហារឲ្យមានអនាម័យ និងសំណូមពរឲ្យដឹកនាំកូនចៅសាច់ញាតិ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងកុំជឿលើការឃោសនារបស់ក្រុមអគតិដែលមានបំណងបង្ករ ចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។C.S..B(L.A.M)

អត្ថបទដែលជាប់ទាក់ទង