ក្រុមអ្នកសារព័ត៌មាន​ពេលយប់ យុគសម័យបច្ចេកវិទ្យា នាំគ្នាអំពាវនាវរួមគ្នា ដល់អង្គភាពនិងស្ថាប័នព័ត៌មាន ដែលលួចចម្លងទាំងឡាយ (សូមមេត្តាកុំធ្វើនំ អត់ម្សៅបែបនឹងទៀត)

រាជធានីភ្នំពេញ​ ៖ សង្កេតឃើញ​ថាវិស័យសារព័ត៌មានជាទូទៅ នៅក្នុងប្រទេសកម្ពុជា​ កំពុងមានការរីកចម្រើនទៅមុខគួរអោយកត់សម្គាល់​ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មិនត្រឹមតែប៉ុណ្ណោះ​ ក៏មានការរីកចម្រើនទាំងចំណេះដឹងជំនាញ ទាំងចំណេះដឹងបច្ចេកទេស របស់អ្នកសារព័ត៌មានទៀតផង។

ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺ បញ្ហាដែលកំពុងរំខានវិស័យសារព័ត៌មានទៅវិញ ហើយវាអាចទាញអាជីពនេះ អោយធាក់ថយក្រោយទៅវិញទៀតផង បញ្ហានោះគឺការលួចចម្លង ជាពិសេស នៅតាមសារព័ត៌មានអេឡិចត្រូនិក។ ដែលអត្ថបទត្រូវបានគេចំណាយពេលវេលា បញ្ញា និងថវិកា ដើម្បីផលិត។ ប៉ុន្តែក្រោយការផ្សព្វផ្សាយបានតែប៉ុន្មាននាទីប៉ុណ្ណោះ អត្ថបទដដែលនោះ ត្រូវបានគេលួចចម្លងគ្រប់ទីកន្លែង។ «នេះគឺជាហានិភ័យ និងជាបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានអាជីព»។

សូមបញ្ជាក់ថា​កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៤ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់អ្នកលួចចម្លងទាំងឡាយ អោយបញ្ឈប់វប្បធម៌ លួចចម្លង ជាពិសេស ការលួចចម្លងអត្ថបទសារព័ត៌មាននេះផងដែរ។ «ការលួចចម្លងត្រូវតែបញ្ឈប់» នេះគឺជាអំពាវនាវរួមគ្នារបស់ស្ថាប័នសារព័ត៌មានចំនួន៤ កាលពីចុងឆ្នាំ២០១៤កន្លងទៅ។

ថ្មីៗនេះពាក្យ ​«ការលួចចម្លងត្រូវតែបញ្ឈប់» ត្រូវបានក្រុមអ្នកសារព័ត៌មាន​ពេលយប់ជាច្រើននាក់ ដែលកំពុងបម្រើការជាប្រចាំ របស់អង្គភាពព័ត៌មានផ្សេងៗគ្នា បានយកមកប្រើសារជាថ្មីឡើងវិញ និងសូមលើកដៃសំពះ អំពាវនាវរួមគ្នា ដល់អ្នកលួចចម្លងទាំងឡាយ (មេត្តាកុំធ្វើនំ អត់ម្សៅបែបនឹងទៀត) អាណិតដល់គេអ្នកខំធ្វើផង គួរបញ្ឈប់វប្បធម៌ លួចចម្លង ទាំងរូបភាព និងអត្ថបទ ជាពិសេស ការលួចចម្លងអត្ថបទសារព័ត៌មាន ដែលជាអត្ថបទដែលពួកគាត់ចំណាយ ពេលវេលា និងការធ្វើដំណើរ និងបញ្ញា ថវិកា រួមទាំងរូបភាព ដើម្បីផលិត ទើបចេញជាអត្ថបទសារព័ត៌មានមួយបាន ។ ប៉ុន្តែក្រោយពីការផ្សព្វផ្សាយបានតែប៉ុន្មាននាទីប៉ុណ្ណោះ អត្ថបទដដែលនោះ ត្រូវបានស្ថាប័នព័ត៌មានដទៃទៀត លួចចម្លងយកទៅចេញផ្សាយ និងផ្សព្វផ្សាយបន្ត ដោយគ្មានការអនុញាតិសោះឡើយ ។ ទាំងនេះគឺជាហានិភ័យ និងជាបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានអាជីព ។

សូមបញ្ជាក់ថា​ ៖ ការលួចចម្លងកម្មសិទ្ធិបញ្ញា មានន័យស្មើនឹងលួចទ្រព្យសម្បត្តិ ។

តើអង្គភាពឬស្ថាប័នព័ត៌មាន ដែលដេកនៅតែផ្ទះ ហើយព្រឹកឡើង ចាំតែលួចចម្លងយករូបភាព និងអត្ថបទព័ត៌មាន ពីគេស្រាប់ៗ យកទៅចេញផ្សាយ ឬផ្សព្វផ្សាយបន្តដោយសេរី ដែលផ្ទុយពី ក្រមសីលធម៌ និងវិជ្ជាជីវៈ ទាំង១០ចំណុច របស់អ្នកសារព័ត៌មាន ។

ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន (មាត្រា២)

២-ការទទួលខុសត្រូវ

២-១) បំពេញ ករណីយកិច្ចក្នុងវិជ្ជាជីវៈតាមក្របខណ្ឌច្បាប់ស្តីពីរបប សារព័ត៌មានកម្ពុជា និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

២-២) ការសរសេរ និពន្ធ និយាយសម្រាប់ការផ្សព្វផ្សាយ ត្រូវគោរពតាមក្បួនខ្នាតវេយ្យាករណ៍ អក្ខរាវិរុទ្ធខ្មែរ អោយបានត្រឹមត្រូវ។

២-៣) ទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសការពិត ហើយត្រូវធ្វើការចុះផ្សាយកែតម្រូវ រកការពិតទ្បើងវិញ។ ការកែតម្រូវនេះជាកាតព្វកិច្ចផ្ទាល់នៃអង្គការសារព័ត៌មាន ដែលបានប្រព្រឹត្តិកំហុស។

២-៤) ហាមឃាត់ការលួចចម្លង និងថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ហើយដាក់ឈ្មោះខ្លួនឯង។ បើថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ដើម្បីយកមកចុះផ្សាយត្រូវដាក់ឈ្មោះ និងការអនុញ្ញាតពីម្ចាស់ប្រភព។

២-៥) ទទួលយកតែភារកិច្ចណាដែលថ្លៃថ្នូរតាមវិជ្ជាជីវៈសារព័ត៌មាន និងមិនធ្វើឲ្យខូចប្រយោជន៍ ឬធ្វើឲ្យបែកបាក់សាមគ្គីភាពរវាងអ្នកសារព័ត៌មានដូចគ្នា។

២-៦) ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សាយពាណិជ្ជកម្មទាំងទ្បាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃរបស់ជាតិ។

ខាងក្រោមនេះយើងសូមធ្វើការបង្ហាញពី ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានចំនួន ១០ចំណុច ដល់ប្រជាពលរដ្ឋ​ ពិសេសអ្នកសារព័ត៌មានក្នុងយុគសម័យ បច្ចេកវិទ្យាថ្មីនេះ ដើម្បីរួមចំណែក ក្នុងការកែតម្រូវកំហុសឆ្គងទាំងនោះឡើងវិញ ។

ក្រមសីលធម៌ និងវិជ្ជាជីវៈ អ្នកសារព័ត៌មាន ទាំង១០ចំណុចនោះរួមមាន ៖
១៖ ​គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណជន

២៖ ​ត្រូវផ្សព្វផ្សាយដំណឹងដោយសុចរិត​ ព្រមទាំងធ្វើសេចក្តីអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ ​និងស្របតាមគតិយុត្តិធម៌

៣៖ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯកសារផ្សេងៗឡើយ

៤៖ ប្រើវិធីសុចរិតត្រឹមត្រូវ ដើម្បីស្វែងរកព័ត៌មាន ​ឬរូបថត និងឯកសារផ្សេងៗ

៥៖ ​ត្រូវកែតម្រូវព័ត៌មានណាដែលចេញផ្សាយរួច ហើយមានលក្ខណៈមិនជាក់លាក់ ​ដែលបណ្តាលឲ្យមានការយល់ច្រលំ

៦៖ ​ជៀសវាងការផ្សាយព័ត៌មានណា ដែលនាំឲ្យមានការញុះញង់ ដែលនាំឲ្យមានការប្រកាន់ពូជសាសន៍

៧៖ ​ត្រូវគោរពសិទ្ធិ​ និងសេរីភាព រស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល

៨៖ គោរពក្បួនវេយ្យាករណ៍ខ្មែរក្នុងការសរសេរព័ត៌មាន

៩៖ ហាមបោះពុម្ភផ្សាយ​អត្ថបទ រូបភាពអាសអាភាសន៍​ និងរូបភាពអំពើហិង្សា

១០៖ ហាមលួចចម្លងស្នាដៃអ្នកដទៃមកធ្វើជាស្នាដៃរបស់ខ្លួនឯង។

អត្ថបទដែលជាប់ទាក់ទង