ទស្សនៈកូនខ្មែរ៖ បក្សសង្គ្រោះជាតិរលាយ គឺជាការបិទបញ្ចប់សករាជ នៃនយោបាយគំនុំសងសឹក

ភ្នំពេញ៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» នេះគឺជាសុភាសិតបុរាណខ្មែរ ដែលឆ្លុះបញ្ចាំងយ៉ាងល្អពីតថភាព នៃនយោបាយប្រទេសកម្ពុជា។ ពីមួយជំនាន់ទៅមួយជំនាន់ទៀត អ្នកនយោបាយខ្មែរតែងតែប្រកាន់យកនយោបាយគំនុំសងសឹកមកធ្វើជាគោលដៅនៃការផ្តួលរំលំគ្នា ហើយបើអ្នកណាបានឈ្នះឡើងកាន់អំណាច ពួកគេតែងតែកម្ទេចអ្នកចាស់ ឬអ្នកដែលមាននិន្នាការប្រឆាំងជាមួយខ្លួន។

នយោបាយគំនុំសងសឹកកាន់តែចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ហើយលទ្ធផលបានស្តែងឡើងយ៉ាងច្បាស់បំផុតនៅក្នុងជំនាន់ ប៉ុល ពត។ ពួកខ្មែរក្រហមបានយកគំនុំវណ្ណៈមកសងសឹកយ៉ាងព្រៃផ្សៃ ដោយពួកគេបានបែងចែកប្រជាជនចាស់ និងប្រជាជនថ្មី ឬហៅពួក១៧ មេសា ដែលពួកគេត្រូវធ្វើបាប និងកាប់សម្លាប់យ៉ាងរង្គាល​ ដើម្បីជាការសងសឹក។ ពួកខ្មែរក្រហមស្អប់អ្នកមាន និងអ្នកកាន់អំណាចមុនៗ ដោយចាត់ទុកអ្នកទាំងនោះជាសត្រូវ ដែលត្រូវតែកម្ទេចចោល។ ជាលទ្ធផល ជីវិតខ្មែរជាង២លាននាក់ ត្រូវបានពួកអាវខ្មៅផ្តាច់ជីវិតយ៉ាងវេទនា និងយ៉ាងអយុត្តិធម៌ ក្រោមនយោបាយលុបបំបាត់វណ្ណៈសង្គម គ្មានកម្មសិទ្ធិឯកជន និងធ្វើឱ្យមនុស្សស្មើភាពគ្នា រីឯអ្នកដែលនៅសេសសល់ពីស្លាប់ បានទទួលរងភាពខ្ទេចខ្ទាំខាងស្មារតីយ៉ាងដំណំ។

ក្រោយរបបខ្មែរក្រហមដួលរលំទៅ គណបក្សប្រជាជនកម្ពុជា ដែលជាអ្នករំដោះប្រទេសចេញពីរបបវាលពិឃាតបានខិតខំកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យ។ ការប្រមែប្រមូលធនធានមនុស្ស ដែលនៅសេសសល់ពីការកាប់សម្លាប់ ដើម្បីមកជួយស្តារប្រទេសជាតិឡើងវិញ គឺជាបេសកកម្មសំខាន់បំផុតកាលពីជំនាន់នោះ។ រីឯការកសាងធនធានមនុស្សថ្មី ធ្វើឡើងក្រោមពាក្យស្លោក «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ~ អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ»។

នៅពេលដែលការស្តារប្រទេសឡើងវិញចេញពីគំនរផេះផង់បានបោះជំហានទៅមុខយ៉ាងលំបាកលំបិន ហើយបានទទួលលទ្ធផលគួរជាទីមោទនៈ ក៏ស្រាប់តែមានខ្មែរមួយក្រុម ដែលរត់ទៅសម្ងំសុខពេលស្រុកមានអាសន្ននោះ នាំគ្នាជិះយន្តហោះ ពាក់ក្រវាត់ក អាវធំ វ៉ែនតាបែបហំហាន មកស្រែកឡូឡា តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អ្នកការពារសិទ្ធិមនុស្ស ចេញមកឆ្ការដៃ ឆ្ការជើងប្រទេចផ្តាសារអ្នកដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស និងប្រជាជនចេញពីរណ្តៅមរណៈ ហើយក្រុមនេះដែលមាន សម រង្ស៊ី ជាមេខ្លោងបានមកជាន់ឈ្លីគេឯងដោយគ្មានកោតក្រែង។

លើសពីនេះ ពួកគេបានចម្លងយកនយោបាយគំនុំសងសឹក លាបពណ៌ និងបំបែកបំបាក់ខ្មែរដូចពួកខ្មែរក្រហមបេះបិត។ សម រង្ស៊ី កសាងប្រជាប្រិយភាពនយោបាយដោយប្រើការវាយប្រហារ ជេរប្រមាថបុគ្គល និងការលាបពណ៌ឲ្យមេដឹកនាំបក្សកាន់អំណាចថា ជាអាយ៉ងយួន។ សម រង្ស៊ី តាំងខ្លួនជាសត្រូវស្លាប់រស់របស់របបដឹកនាំក្រុងភ្នំពេញរហូតដល់ហ៊ានប្រើពាក្យ «មានស៊ីអត់សែន មានសែនអត់ស៊ី»។

អ្នកនយោបាយកាកសំណល់ខ្មែរក្រហមរូបនេះ ក៏តាំងខ្លួនជាសត្រូវជាមួយអ្នកមានដោយចាត់ទុកក្រុមឧកញ៉ា មហាសេដ្ឋី ថាជាមុខសញ្ញាដែលត្រូវរឹបអូសទ្រព្យសម្បត្តិនៅពេលគាត់បានឡើងកាន់អំណាច។ សម រង្ស៊ី ក៏ចាត់ទុកនគរបាលជាតិ ទាហាន មន្ត្រីរាជការ អាជ្ញាធរ និងមន្ត្រីតុលាការថា ជាសត្រូវដែលជាមុខសញ្ញាត្រូវកម្ចាត់ពេលអំណាចធ្លាក់លើដៃរបស់គាត់។

តាមរយៈនយោបាយបំបែកបំបាក់ លាបពណ៌ និងគំនុំសងសឹកតាមបែប «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» នេះហើយទើបសង្គមខ្មែរស្គាល់ការបែកបាក់ជាថ្មី។ ក្រុមអ្នកគាំទ្រ សម រង្ស៊ី ផ្កាប់មុខទាំងឡាយ ជាពិសេសអ្នករស់នៅក្រៅប្រទេសមួយចំនួន មិនញញើតនឹងសាបព្រោះវប្បធម៌នយោបាយគំនុំសងសឹកឲ្យខ្មែរស្អប់ខ្មែរ ឲ្យពលរដ្ឋស្អប់មេដឹកនាំ ឲ្យខ្មែរស្អប់ជនជាតិដែលរស់នៅក្បែរខាង និងឲ្យអ្នកក្រស្អប់អ្នកមាន អ្នកតូចស្អប់អ្នកធំ។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី បានសាបព្រោះវប្បធម៌នយោបាយអរិភាពរវាងខ្មែរនិងខ្មែរតែរហូត។ មួយម៉ាត់ណាក៏គាត់ដៀលមេដឹកនាំបក្សកាន់អំណាច ម៉ាត់ណាក៏លាបពណ៌គេជាអាយ៉ង ទៅដល់ទីណាក៏គាត់ពឺតតែពីសម្អុយប្រទេសជាតិខ្លួនឯងប្រាប់ដល់ពួកបរទេស។

គោលដៅរបស់ សម រង្ស៊ី គឺការតោងចាប់អំណាចតាមរយៈការបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរឲ្យស្អប់មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺគាត់មិនដែលខំសាងកេរ្តិ៍ឈ្មោះឲ្យល្អតាមរយៈការខិតខំបង្ហាញគោលនយោបាយ ឬការកសាងសមិទ្ធផល និងការជួយប្រជាពលរដ្ឋខ្លួនឯងដោយស្មោះត្រង់ម្តងណាទេ។

ប្រជាប្រិយភាពរបស់គាត់ដែលមានកន្លងទៅនេះ គឺបានមកពីនយោបាយបង្កអស្ថេរភាពជាមួយមេដឹកនាំបក្សកាន់អំណាច និងការបញ្ឆេះកំហឹងប្រជាពលរដ្ឋទាំងអស់។ ប៉ុន្តែ ជាសំណាងល្អ ប្រជាពលរដ្ឋខ្មែរភាគច្រើននៅតែរក្សាបាននូវសីលធម៌ កត្តញ្ញូតាធម៌ និងបានបង្ហាញពីភាពចាស់ទុំ ដោយពួកគេនៅតែបន្តគាំទ្រអំពើល្អ នៅតែបន្តផ្តល់តម្លៃនយោបាយបង្រួបបង្រួមជាតិ ដោយសារពួកគេយល់ថា ជាមួយគណបក្សប្រជាជនកម្ពុជា ទោះអ្នកស្ថិតនៅក្នុងនិន្នាការនយោបាយបែបណា ក៏អាចរស់នៅជាមួយគ្នាបានដែរ លើកលែងតែអ្នកបំពានច្បាប់របស់រដ្ឋប៉ុណ្ណោះ។ ដោយសារតែហេតុនេះហើយបានជា សម រង្ស៊ី បោះឆ្នោតមិនដែលឈ្នះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ទីបំផុត សម រង្ស៊ី យល់ច្បាស់ថា ការតស៊ូតាមផ្លូវបោះឆ្នោតមិនអាចឈានទៅចាប់អំណាចបានឡើយ ទើបគាត់ក៏ប្តូរយុទ្ធសាស្ត្រទៅជាការផ្តួលរំលំតាមបែបបដិវត្តន៍ពណ៌វិញក្រោមផ្លាកមហាបាតុកម្ម។ មកដល់ដំណាក់កាលនេះ សម រង្ស៊ី រឹតតែបង្កើននយោបាយគំនុំសងសឹកទ្វេដង។ គាត់បង្កើនការញុះញង់ឲ្យពលរដ្ឋស្អប់មេដឹកនាំកាន់តែខ្លាំង។ សម រង្ស៊ី ធ្លាប់បានសាកល្បងប្រើចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីក្រោយការបោះឆ្នោតឆ្នាំ២០១៣។ ប៉ុន្តែ ការសាកល្បងរបស់គាត់ត្រូវទទួលបរាជ័យទាំងស្រុង។

ចាប់ពីពេលនោះមក ចលនាបដិវត្តន៍ពណ៌ ដែលមានការជួយជ្រោមជ្រែងពេញទំហឹងពីបរទេស និងដែលធ្លាប់ទទួលជោគជ័យនៅបណ្តាប្រទេសមួយចំនួនដូចជាទុយនីស៊ី លីប៊ី អ៊ីរ៉ាក់ អេហ្ស៊ីប ជាដើម ប៉ុន្តែបែរជាបរាជ័យទាំងស្រុងនៅកម្ពុជា។ ពេលនេះ ប្រហែលជាមានប្រវត្តិវិទូខ្លះកំពុងអង្គុយសរសេរអំពីបរាជ័យនៃបដិវត្តន៍ពណ៌នៅកម្ពុជាដើម្បីចងក្រងជាសៀវភៅទុកឲ្យអ្នកជំនាន់ក្រោយអាន។

ទោះជាទទួលបរាជ័យបែបនេះក៏ដោយ ក៏លោក សម រង្ស៊ី និងក្រុមរបស់គាត់នៅតែបន្តព្យាយាមដើម្បីសម្រេចបំណងដដែល។ ដោយមានការគាំទ្រពីក្រោយយ៉ាងពេញទំហឹងពីមហាអំណាចលោកខាងលិចមួយចំនួន និងដោយមានបណ្តាញលាក់មុខក្នុងអង្គការសង្គមស៊ីវិលក្នុងស្រុក និងបរទេសមួយចំនួនផងនោះ សម រង្ស៊ី នៅតែចិញ្ចឹមចិត្តប្រើប្រាស់បដិវត្តន៍ពណ៌ម្តងទៀតក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ។

ពួកគេនៅតែបន្តសាបព្រោះនយោបាយអរិភាព គំនុំសងសឹកកាន់តែខ្លាំង រហូតដល់ហ៊ានបំពានច្បាប់ប្រទេស។ តែគាត់ភ្លេចគិតថា ច្បាប់មានអានុភាពអាចរំលាយអង្គការចាត់តាំងនយោបាយរបសគាត់បាន។ ទីបំផុត គណបក្សសង្គ្រោះជាតិក៏ត្រូវរលាយដោយអំណាចផ្លូវច្បាប់។ ដូច្នេះ ការរំលាយបក្សសង្គ្រោះជាតិដោយអំណាចសាលដីកាតុលាការកំពូលអាចនិយាយបានថា ជាការបិទបញ្ចប់សករាជនៃនយោបាយគំនុំសងសឹកនៅក្នុងប្រទេសកម្ពុជា ឬនិយាយតាមបែបម្យ៉ាងទៀត ជាការបិទបញ្ចប់មិនឲ្យស្រមោលរបបខ្មែរក្រហមវិលមកវិញបានឡើយ។

គណបក្សនយោបាយផ្សេងៗទៀត ជាពិសេសគណបក្សទាំង២០ ដែលត្រូវប្រកួតគ្នាក្នុងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះណ គឺសុទ្ធតែមានគោលនយោបាយទន់ភ្លន់ មិនជ្រុលនិយមដូចលោក សម រង្ស៊ី ឡើយ។ ពួកគេយល់ច្បាស់អំពីស្ថានការណ៍ស្រុកទេស ដែលត្រូវការសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទោះបីជាគណពក្សណាមួយឈ្នះឆ្នោតក៏ដោយ ក៏ខ្មែរអាចរស់នៅជាមួយគ្នាបានដោយសុខសាន្ត។ គ្មានបក្សសង្គ្រោះជាតិ គ្មាននយោបាយគំនុំសងសឹក គ្មានការវិលវិញនៃរបបខ្មែរក្រហម៕ (សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម)

អត្ថបទដែលជាប់ទាក់ទង