ផ្សារមូលបត្រកម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធជួញដូរចល័តសម្រាប់ជួញដូរមូលបត្រកម្មសិទ្ធិ

ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានប្រកាសឲ្យដឹងថា ខ្លួននឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធជួញដូរចល័ត (Mobile Trading System) សម្រាប់ការជួយដូរមូលបត្រកម្មសិទ្ធិចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។

តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានពន្យល់ថា ប្រព័ន្ធជួញដូរចល័ត គឺជាប្រព័ន្ធជួញដូរតាមអ៊ីនធើណេតដែលត្រូវបានអភិវឌ្ឍឡើងក្រោមការជួយគាំទ្រពីសំណាក់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ ការបង្កើតនូវប្រព័ន្ធនេះ គឺក្នុងគោលដៅជួយសម្រួល និងជំរុញការជួញដួរមូលបត្រកម្មសិទ្ធិដែលបានចុះនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបន្តទៀតថា ដំណើរការនៅលើWeb Browser ដែលមានស្រាប់នៅស្មាតហ្វូន និងថេបប្លេត ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យវិនិយោគិនធ្វើការដាក់បញ្ជាជួញដូរ កែប្រែ និងលុបចោលបញ្ជារបស់ខ្លួនបានដោយខ្លួនឯង ក៏ដូចជាពិនិត្យមើលបញ្ហា និងទិន្នន័យជួញដូរកន្លងមកផងដែរ។ បន្ថែមលើនេះ វិនិយោគិនក៏អាចតាមដានមើលទិន្នន័យទីផ្សារ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ និងរបស់ក្រុមហ៊ុនមូលបត្រកម្ពុជា ព្រមទាំងព័ត៌មានដទៃផ្សេងទៀត។

បើតាមក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដើម្បីប្រើប្រព័ន្ធនេះ វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលជាសមាជិករបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានិងបានចុះឈ្មោះជាមួយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដើម្បីផ្តល់សេវាប្រព័ន្ធជួញដូរចល័តនេះ។ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានអះអាងថា ប្រព័ន្ធថ្មីនេះ នឹងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ នៅក្នុងអំឡុងពេលដាក់ឲ្យដំណើរការបឋមនេះ និងត្រូវបន្តរយៈពេលមួយឆ្នាំទៀត គិតចាប់ពីថ្ងៃដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង