ជិះម៉ូតូ ទៅធ្វើការរោងចក្រ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកកៀរដួលបោកផ្ទប់នឹងខឿនចិញ្ចើមផ្លូវរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើងនិងដៃ បន្ទាប់ពីមានម៉ូតូសេ១២៥មួយគ្រឿងបើកកៀរម៉ូតូដួលបោកផ្ទប់នឹងខឿនចិញ្ចើមផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងនិង០៧ និង០០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយម៉ូតូដែលជាភាគីម្ខាងទៀតបើករត់គេចខ្លួនបាត់ ។

យុវជនរងគ្រោះខាងលើមានឈ្មោះ សាយ ម៉ាន់យ៉ា អសយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសបាក់ដៃ ជើង ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3895 ជាមធ្យោបាយដំណើរ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលកំពុងជិះម៉ូតូ ទៅធ្វើការរោងចក្រ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ សេ១២៥ មួយគ្រឿង បើកស្របទិសគ្នា វ៉ាជែង មកកៀរ បណ្តាលឲ្យដួលបោកផ្ទប់នឹងខឿន ចិញ្ចើមផ្លូវ តែម្តង ហើយម៉ូតូបង្ក មិនដួល បានបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ ដើម្បីរងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕

ដោយ៖ ណារម្យ

អត្ថបទដែលជាប់ទាក់ទង