អភិបាលខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវដីក្រហមមួយខ្សែ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី

សៀមរាប ៖ ផ្លូវដីក្រហមមួយខ្សែប្រវែង៩០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីភូមិបន្ទាយស្រី ទៅដល់ភូមិអូរម្នាស់ ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើការដ្ឋាជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត ដោយមានការចូលរួម ពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹក នាមន្ទីរសមាជិកក្រុមប្រឹក្សាក្រុង អាជ្ញាធរក្រុង សង្កាត់ មេភូមិ និង ប្រជា ពលរដ្ឋប្រមាណ ៥០០នាក់ចូលរួម ។

ផ្លូវនេះ មានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋភូមិបន្ទាយស្រី និង ភូមិអូរម្នាស់បង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹកកសិផលទៅ កាន់ទៅផ្សារ ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅកាន់សាលារៀន ជួយសម្រួលនិងកាត់បន្ថយការលំបាកជូនអ្នកជំងឺនិង ស្រ្តីឆ្លងទន្លរសម្រាលកូនទៅកាន់មណ្ឌលសុខភាពយប់ព្រលប់ជាដើមផង ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ៖ ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ មានផ្លូវ មានក្តីសង្ឃឹម។ ឯកឧត្តមបន្តថា៖ ដោយសារប្រទេសយើងមានសង្គ្រាមរ៉ាំរ៉ៃ ទើបធ្វើឲ្យប្រទេសយើងមានភាពខ្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដែលបញ្ហាទាំងនេះ គឺផ្តើមចេញពីមកសង្គ្រាម ព្រោះថាសង្គ្រាមបានបំផ្លិចបំផ្លាញនូវអ្វីៗទាំងអស់ ដូចបងប្អូន ពូ មីងបានដឹង និងធ្លាប់ឆ្លងកាត់មកហើយក្នុងសម័យ ៣ឆ្នាំ ៨ខែ ១០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ឯកឧត្តម បានបន្តទៀតថា ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះ ហើយ ស្របពេលនឹងប្រទេសជាតិមានសុខសន្តិភាពនេះ ទើបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ មានសេដ្ឋកិច្ចកាន់តែល្អប្រសើរឡើង ។ឯកឧត្តម បន្តថា៖ ដើមី្បភាពសុខសាន្ត រុងរឿងរបស់យើង ដូចនេះយើងត្រូវរួមគ្នារក្សា ឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់យើងបន្តទៀត។

ឯកឧត្តមឃឹម ប៊ុនសុង បាន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ កុំឲ្យជឿនូវពាក្យញុះញង់របស់ក្រុមមនុស្សមួយចំនួន ដែលមានគោលបំណងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យនិងសន្តិភាពនៅ កម្ពុជា តាមរយៈមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃខាងមុខ ។

បញ្ហាទាំង នេះគឺជាបទឧក្រិដ្ឋមួយ ដែលនាំឲ្យប្រជាពលរដ្ឋយើងទៅទទួលរងការវិនាសកម្មសាជាថ្មីនៃរបបប្រល័យពូជសាសន៍ ។ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះ ឆ្នោតនាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិកាជូនដល់ បងប្អូនដែលបានចូលរួមទាំង ៥០០នាក់ ដោយម្នាក់ៗទទួលបានសារុងមួយនិងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង