កម្លាំងអធិការដ្ឋានស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ទវៈ

ព្រះសីហនុ៖ ថ្ងៃ១១រោច ខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី កម្លាំងអធិការស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយត្រី ហួ យ៉ៃ អធិការរងស្រុកព្រៃនប់ សហការជាមួយ កម្លាំងប៉ុស្តិ៍ព្រៃនប់ កម្លាំងប៉ុស្តិ៍អូរឧកញ៉ាហេង កម្លាំងប៉ុស្តិ៍រាម និងកម្លាំងប៉ុស្តិ៍បិតត្រាង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ទវៈ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សាក់ ឡា ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតភូមិស្ទោង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកម្មករសំណង់នៅក្រុមហ៊ុនចិនខាងកើតឃ្លាំងប្រេងភីធីធី ក្នុងមូលដ្ឋានរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ (វ ស ម) ភេទស្រីអាយុ១៦ឆ្នាំ មានស្រុកកំណើត ភូមិអំពិលព្រៃ ឃុំកោះសំពៅ ស្រុកពាមជ ខេត្តព្រៃវែង មុខរបរ កម្មករសំណង់ រំលោភបានសម្រេចម្ដង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២និង១៥នាទីនា ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើអាគាររបស់ក្រុមហ៊ុនចិន។

ជនសង្ស័យនិងជនរងគ្រោះបានស្គាល់គ្នាកន្លះខែ ហើយជនសង្ស័យបានបបួលជនរងគ្រោះទៅស៊ីផឹកនៅលើអគារ ដោយជនរងគ្រោះមានគ្នា២នាក់ ហើយជនសង្ស័យមានគ្នា២នាក់ បន្ទាប់ពីបានផឹកស៊ីរហូតដល់ម៉ោង២២ជាង ក៏ស្រវឹងរៀងៗខ្លួន ជនសង្ស័យក៏បានគ្រាជនរងគ្រោះចូលទៅបន្ទប់ ឯអ្នកផឹកស៊ីជាមួយ បានបែកគ្នា អស់ទៅ។

មកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១០នាទី ទើបជនរងគ្រោះ យករឿងរ៉ាវទៅប្រាបម្តាយរបស់ខ្លួន ហើយម្តាយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចាត់ការជនសង្ស័យទៅតាមច្បាប់ ៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង