ប្រជាពលរដ្ឋហួសចិត្តដែលអាជ្ញាធរសម្រេចឱ្យគេចាក់ដីលុបបឹងធ្វើជាកម្មសិទ្ធិឯកជនមិនខ្វល់ពីផលប៉ះពាល់ទឹកលិចភូមិដ្ឋានពួកគាត់នៅពេលមានទឹកជំនន់ម្តងៗ

កំពង់ឆ្នាំង៖ មានមតិប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ដីបឹងសំរោងស្ថិតនៅបង្គោលគីឡូម៉ែត្រលេខ៦១ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ក្នុងពេលនេះត្រូវបានអ្នកមានអំណាច និងមានទឹកប្រាក់ចាក់ដីលុបបឹងនោះយកធ្វើជាកម្មសិទ្ធអស់ទៅហើយ ដោយសារតែមានការអនុញ្ញាតពីលោកចៅហ្វាយខេត្ត ដោយពួកគេមិនបានយល់ដឹងអំពីសុខទុក្ខ នៅក្នុងខែវស្សាមានទឹកលិចភូមិឋានប្រជាពលរដ្ឋនៅចំណុចនោះដោយសារតែការចាក់ដីលុបបឹងនេះឡើយ។

ប្រជាពលរដ្ឋនៅក្នុងឃុំតាជេសបានឱ្យដឹងថា បឹងសំរោងនេះនៅខែវស្សាត្រូវបានទឹកភ្លៀងហូរពីតំបន់ខាងលើចូលស្តុបក្នុងបឹងនេះទើបហូរតាមអូរទៅក្នុងទន្លេឃុំតាជេស ហើយកន្លងមករយៈពេល៣៥ឆ្នាំមកហើយ ចៅហ្វាយខេត្តទាំង៤ជំនាន់បានរក្សាបឹងនេះទុកស្តុបទឹកការពារការទឹកជំជន់លិចដល់ភូមិឋានប្រជាពលរដ្ឋ ។ តែមកដល់ជំនាន់នេះ បឹងនេះក៏ត្រូវបានអ្នកមានអំណាច និងអ្នកមានលុយចាក់ដីលុបបឹងនេះទាំងសងខាងយកដីធ្វើជាកម្មសិទ្ធអស់ទៅហើយ ដោយទុកនៅតែពោះអូរចន្លោះកណ្តាលតែប៉ុណ្ណោះ រឿងនេះពួកគាត់មិនដឹងជាត្រូវស្រែកឱ្យអ្នកណាជួយឡើយបើថ្នាក់ខេត្ត និងថ្នាក់ជាតិគេត្រូវគ្នាអស់ទៅហើយ តែមិនដឹងថាធ្វើម៉េចបានដឹងដល់សម្តេចតេជោ ឱ្យសម្តេចលោកជួយបានទេ ។

ទាក់ទងនៅក្នុងរឿងនេះ លោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាចបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះថាម្ចាស់ដីនេះនៅផ្នែកខាងត្បូងអូរជា ឯកឧត្តមម្នាក់ និងនៅផ្នែងខាងជើងអូរជាដីរបស់ លោក ថៃ ហ៊ី មេភូមិតាជេសអ្នកមានលុយ ដែលគេបានធ្វើប័ណ្ណកម្មសិទ្ធស្របច្បាប់អស់ទៅហើយ។ ចំណែកការចាក់ដីជាធ្វើជាភូមិឋាននេះគឺ លោកអភិបាលខេត្តកំពង់ឆ្នាំងជាអ្នកអនុញ្ញាត គឺគ្មានអ្នកណាហ៊ានជំទាស់ឡើយ ។

ប៉ុន្តែមុននិងមានការអនុញ្ញាតឱ្យចាក់ដីនៅចំណុចនេះ ក៏មានមន្ត្រីក្រសួងកសិកម្ម ក្រសួងដែនដី និងក្រសួងធនធានទឹក បានចុះមកសិក្សារួចហើយថា៖ ពីមុនមកអូរនៅចំណុចនេះជ្រៅទឹកហូរស្រួស តែកន្លងមកយូរឆ្នាំអូរបានគោករាក់ ទើបទឹកនៅចំណុចនេះរីកក្អេងធំដូចបឹង ដូច្នេះបើម្ចាស់ដីទាំង២ខាងលើនេះចាក់ដីធ្វើភូមិដ្ឋានក៏មិនមានផលប៉ះពាល់អ្វីឡើយ ដោយត្រូវទុកដីចំណុចអូរចាស់នេះឱ្យនៅដដែល និងត្រូវកកាយអូរចាស់នេះឱ្យជ្រៅឡើងវិញ ។

ដោយឡែកចំណុចផ្លូវចូលទៅដីលោក ថៃ ហ៊ី ក្រុមការងារថ្នាក់ខេត្តបានកំណត់អោយធ្វើស្ពានឈើចូលទៅដី ទើបមិនមានការប៉ះពាល់ចរន្តទឹកហូរតាមប្រឡាយ និងការពង្រីកធ្វើផ្លូវជាតិ តែបើគេធ្វើលូមុខតូចដូចពេលនេះ បើខែវស្សាចរន្តទឹកហូរមិនរួចស្ទះលូតូចនេះ ខាងមន្ទីរធនធានទឹក និងកកាយលូនេះចោលហើយ ៕ដោយSP(CSC)

អត្ថបទដែលជាប់ទាក់ទង