សិក្ខាសាលាស្ដីពី ការអភិវឌ្ឍកម្មវិធីសិក្សាលម្អិតនៅវិទ្យា ស្ថានគរុកោសល្យ ក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា

កំពត៖នាព្រឹកថ្ងៃអាទិត្យ១២រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨ បានបើកអង្គសិក្ខាសាលាស្ដីពីការអភិវឌ្ឍកម្មវិធីសិក្សាលម្អិតនៅវិទ្យាស្ថានគរុកោសល្យក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។

អង្គសិក្ខាសាលាក្រោមការរៀបចំឡើង ដោយក្រសួងអប់រំយុវជននិងកីឡាសហការជាមួយគម្រោងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍ សមត្ថភាពក្នុងវិស័យអប់រំហៅថា(CDPF)។ បន្ទាប់ពីមានរបាយការណ៍ស្វាគមន៍របស់លោក កៅ រិទ្ធ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតរួចមក។

លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រិតការបានឱ្យដឹងថា៖ អង្គសិក្ខាសាលានេះមានរយៈពេល៥ថ្ងៃសិក្ខាកាមសរុបចំនួន២៧៩នាក់ដែលមកពីអគ្គនាយដ្ឋានចំនួន៣ នាយកដ្ឋានចំនួន៦ សកលវិទ្យាល័យ ក្រសួងអប់រំយុវជននិងកីឡា  ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ក្នុងឮការអភិវឌ្ឍកម្មវិធី សិក្សាលម្អិតសម្រាប់ វិទ្យាស្ថានគរុកោសល្យ និងស្វែងយល់លើខ្លឹមសារឯកសារដែលផលិតបានថ្មី ដើម្បីយកទៅប្រើប្រាស់ឱ្យទទួលបានគុណភាពនិងប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកបញ្ចាក់ថា៖ ប្រព័ន្ធអប់រំនៅលើពិភពលោកមានការប្រែប្រួលយ៉ាងច្រើន ដែលទាមទារឱ្យប្រទេសនីមួយៗ ធ្វើកំណែទម្រង់លើវិស័យអប់រំ។ សមាសធាតុគន្លឹះមួយនៅក្នុងកំណែ
ទម្រង់ គឺអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូបង្រៀនដើម្បីធ្វើឱ្យប្រព័ន្ធអប់រំកាន់តែមានគុណភាពនិងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការ សេដ្ឋកិច្ច សង្គមកិច្ច ផ្អែកលើចំណេះដឹង និងការប្រកួតប្រជែងផ្នែកបញ្ញាញាណនៅក្នុងសង្គម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តលើកឡើងទៀតថា៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង របស់កម្ពុជា ទាំងក្នុងពេលចំពោះមុខនិងសម្រាប់អនាគត។ ពិសេស ក្នុងពេលដែលកម្ពុជាឈានចូលទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។  ហើយដើម្បីសម្រេចបានតាមចក្ខុវិស័យនេះ វិស័យអប់រំត្រូវបន្តផ្ដោតអាទិភាពលើការពង្រឹងគុណភាពនិងភាពអាចឆ្លើយតបបានទៅនឹងសេចក្ដីត្រូវការនៃទីផ្សារពលកម្ម។

ឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បានសំណូមពរផ្ដាំផ្ញើដល់សមាជិកអង្គសិក្ខាសាលាទាំងអស់អោយខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំកសាងកម្មវិធី និងខ្លឹមសារមុខវិជ្ជាសិក្សាលម្អិតសម្រាប់វិទ្យាស្ថានគរុកោសល្យនេះ ព្រមទាំងសិក្សាស្រាវជ្រាវដកស្រង់បទពិសោធន៍ល្អៗ ពីបណ្ដាប្រទេសផ្សេងៗ សម្រាប់ដាក់បញ្ចូលទៅក្នុងកម្មវិធី ខ្លឹមសារឯកសារថ្មី ដែលជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាលគ្រូនៅវិទ្យាស្ថានគរុកោសល្យនេះអោយកាន់តែមានគុណភាពនិងប្រសិទ្ធភាព។ដោយHSP(CSC)

អត្ថបទដែលជាប់ទាក់ទង