សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជួបសំណេះសំណាល សមាជិក សមាជិការបក្សជិត៤ពាន់នាក់ នៅខណ្ឌមានជ័យ និងណែនាំឲ្យខិតខំអនុវត្តតាមផែនការចាត់តាំង ដើម្បីទទួលជោគជ័យសម្រាប់ថ្ងៃបោះឆ្នោត

រាជធានីភ្នំពេញ​ ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រធានសាខាបក្ស អនុប្រធានសាខាបក្ស និងប្រធានក្រុមបក្ស នៃគណបក្សប្រជាជនកម្ពុជា មកពីសង្កាត់ក្នុងខណ្ឌមានជ័យ ចំនួនជាង ៣៥០០នាក់ នៅក្នុងបរិវេណអតីតរោងចក្រតាក់ហ្វាត ផ្លូវជាតិលេខ០២ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីសំណេះសំណាលនេះដែរក៏មានការចូលរួមពី ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និងលោក​ ពេជ្រ​ កែវមុនី​ ប្រធានគណបក្សប្រជាជនកម្ពុជា​ខណ្ឌមានជ័យ។

នាឱកាសដ៏មានអត្ថន័យខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងក្រើនរំលឹកចំពោះប្រធានសាខាបក្ស អនុប្រធានសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមអនុវត្តតាមផែនការចាត់តាំង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

នៅក្នុងរបាយការណ៍ស្វាគមន៍របស់ លោក ពេជ្រ​ កែវមុនី​ ប្រធានគណបក្សខណ្ឌមានជ័យ បានមានប្រសាសន៍ថា សូមការសំដែងនូវកត្តញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្ស ជាមគ្គទេសដ៍ឆ្នើមនៃប្រជាជាតិ និងប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់តំណាក់កាល ដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ពោលគឺបានធ្វើពលិកម្មគ្រប់បែបយ៉ាង ជួយសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ សម្រេចបានជោគជ័យ គោលនយោបាយ ឈ្នះឈ្នះ បង្រួបបង្រួមជាតិ និងបានធ្វើឲ្យទឹកដីទាំងមូល ឯកភាពប្រកបដោយសន្តិភាព ស្ថិរភាព ដែលជាគន្លិះនៃការអភិវឌ្ឍន៍៕ អត្ថបទរូបភាព​ AhBoYz​៚«

អត្ថបទដែលជាប់ទាក់ទង