ប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀងចំនួន ២១គ្រួសារ នៅសង្កាត់ប៉ៃលិន ទទួលអំណោយពីអាជ្ញាធរខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ២១គ្រួសារ នៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចែក​អំណោយនៅ​ពេល​នេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការ​អភិវឌ្ឍ រួម​ចំណែក​​​​លើក​​កំពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត បើទោះបីសម្ភារនិងថវិកា​ទាំងនេះមិនបាន​បំពេញ​តាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះ​បងប្អូនទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និង បង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើន​ជីវភាព​របស់បងប្អូនអោយធូធាជាងមុន។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុម​​​គ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្ក​គ្រោះ​ថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ទៅមេឃុំ ចៅសង្កាត់ ដែល​នៅជិតកៀកជា​មួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់​ពេលវេលា ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ២ភូមិ ស្មើនឹង ២១គ្រួសារ គឺភូមិអូរតាពុកលើ ចំនួន ១៥គ្រួសារ និងភូមិបរឌិននៀវ ជាសាសនិកឥស្លាម ចំនួន ០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥ គីឡូក្រាម មី ១កេះ និងថវិកាចំនួន ១ម៉ឺនរៀល ផងដែរ។ដោយNBR(CSC)

អត្ថបទដែលជាប់ទាក់ទង