អភិបាលខេត្តសៀមរាបអញ្ជើញកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង៥០០០ម៉ែត្រដែលស្ថិតក្នុងក្រុងសៀមរាប

សៀមរាប៖ ក្រោយពីដំណើរការជួសជុលរួចរាល់ នូវផ្លូវដីក្រហមមួយខ្សែប្រវែង៥០០០ម៉ែត្រទទឹង៥ម៉ែត្រ ចាប់ពីចំណុចភូមិនគរក្រៅសង្កាត់គោកចកក្រុងសៀមរាប ភ្ជាប់ទៅដល់ភូមិចារឃុំដូនកែវស្រុកពួកខេត្តសៀមរាប ផ្លូវនេះត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និងឯកឧត្តម បណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមជាមួយវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពនានាក្នុងខេត្ត សមាជិកសមាជិកាចុះមូលដ្ឋានក្រុងសៀមរាប ព្រមទាំងប្រជាពលរដ្ឋនិងសិស្សានុសិស្សយ៉ាងច្រើនកុះករចូលរួមផងដែរ។

បើតាមការលើកឡើងរបស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាបថា៖ ផ្លូវមួយខ្សែនេះចំណាយថវិកាជួសជុលអស់៤៦២០០ដុល្លារ ក្រោមព្រះគំនិតផ្តួចផ្តើមនិងបរិច្ចាកថវិកាពីព្រះតេជគុណ ម៉ី ស៊ុត ព្រះគ្រូចៅអធិការវត្តទេពប្រណម និងបានការចូលរួមឧបត្ថម្ភគាំទ្រថវិកាពីថ្នាក់ដឹកនាំអាជ្ញាធរខេត្ត សមាជិកសមាជិកាក្រុមការងារចុះក្រុងសៀមរាប រួមជាមួយសប្បុរសជន និងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ៖ ផ្លូវមួយខ្សែនេះផ្តើមពីការយកព្រះទ័យទុកដាក់ពីព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋាន និងថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូលដ្ឋាននេះ ជួយសម្របសម្រួលទើបអាចលេចចេញជារូបរាងដាក់ឱ្យប្រើប្រាស់ជាសម្បត្តិសាធារណៈ។ សមិទ្ឋផលនេះអាចកើតឡើងទៅបានអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព បើប្រទេសជាតិគ្មានសន្តិភាពទេ កុំថាឡើយផ្លូវ សូម្បីតែហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗក៍មិនអាចអភិវឌ្ឍទៅបានដែរ។ ការសហការចូលរួមពីវិស័យពុទ្ឋចក្រក៏បង្ហាញឱ្យឃើញថា វិស័យអាណាចក្រនិងពុទ្ឋចក្រនៅកម្ពុជាគឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ហេតុនេះវិស័យព្រះពុទ្ឋសាសនារីកចំរើនលូត លាស់ទៅបានគឺអាស្រ័យដោយប្រជាពុទ្ឋបរិស័ទមានជីវភាពសម្បូរធូរធារ ជាក់ស្តែង ប្រទេសកម្ពុជា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។

ឯកឧត្តម មានប្រសាសន៍ទៀតថា៖ ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ មានផ្លូវ មានក្តីសង្ឃឹមផ្លូវនេះ មានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋភូមិនគរក្រៅទៅកាន់ ភូមិចារ នេះ គឺបានបង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹកកសិផលទៅ កាន់ទៅផ្សារ ក៍ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅកាន់សាលារៀន ជួយសម្រួលនិងកាត់បន្ថយការលំបាកជូនអ្នកជំងឺនិង ស្រ្តីឆ្លងទន្លរសម្រាលកូនទៅកាន់មណ្ឌលសុខភាពយប់ព្រលប់ជាដើមផង ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានប្រគេនថវិកាចំនួន៧លានរៀល ដល់ព្រះចៅអធិការវត្តទេពប្រណម និងផ្តល់ថវិកាជូនដល់បងប្អូនដែលបានចូលរួមទាំង ៥០០នាក់ ដោយម្នាក់ៗទទួលបានសារុងមួយ និងថវិកាចំនួន ២ម៉ឺនរៀល ព្រមទាំងសិស្សានុសិស្សចំនួន៥០៤នាក់ ក្នុងម្នាក់ៗថវិកា ៥០០០រៀល៕ដោយKS(CSC)

អត្ថបទដែលជាប់ទាក់ទង