ចំណងមិត្តភាពកម្ពុជាជប៉ុន កាន់តែស្អិតរមួត

សៀមរាប៖ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ចំណងមិត្តភាពកម្ពុជា ជប៉ុន កាន់តែភាពស្អិតរមួតពីមួយឆ្នាំទៅមួយឆ្នាំ ហើយចំណងនេះនឹងកាន់តែល្អប្រសើរជាបន្តទៀតតាមរយៈសកម្មភាព មនុស្សធម៌របស់ប្រជាជនជប៉ុន។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធ អគារសិក្សាមួយខ្នង ដែលជាជំនួយរបស់សមាគម ឡាយអិនក្លឹបជប៉ុន តាមរយៈសមាគមសៀមរាប អង្គរវត្ត ឡាយអិនក្លឹប ជូនដល់ អនុវិទ្យាល័យពោធិ៍បន្ទាយជ័យ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នេះ។

ឯកឧត្តមបន្តថា៖ គុណបំណាច់របស់ប្រទេសជប៉ុន ចំពោះកម្ពុជាមានច្រើនរាប់មិនអស់ ចាប់តាំងពីតំណាក់កាលប្រទេសកម្ពុជាស្វែងរកការចរចារដើម្បីសន្តិភាព រហូតមកដល់បច្ចុប្បន្ន ជប៉ុន បានដើរតួយ៉ាងសំខាន់ និងឈានមុខគេក្នុងផ្តល់ជំនួយមកឱ្យកម្ពុជា។  រដ្ឋាភិបាលជប៉ុន បានជួយស្តារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធនានា ស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល អប់រំ និងស្ពានផ្លូវថ្នល់ ជាដើម។  ក្រៅពីរដ្ឋាភិបាលជប៉ុន ប្រជាពលរដ្ឋ ក៏ដូចជាអង្គការ សមាគមនានារបស់ប្រទេសជប៉ុន ក៏បានជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

តំណាងសមាគម ឡាយអិនក្លឹប ជប៉ុន បានឲ្យដឹងថា ប្រជាជនជប៉ុន ដែលជាសមាជិកឡាយអិនក្លឹប តែងតែជួយដល់ប្រជាជនកម្ពុជា។ តំណាងសមាគមដដែលបានឲ្យដឹងថា ចំពោះសមិទ្ធផលនានា ដែលដាក់សម្ពោធនាថ្ងៃនេះ រួមមានអគារសិក្សាមួយខ្នង៥បន្ទប់ របង ក្លោងទ្វារ បន្ទប់ទឹក និងក្រាល ការ៉ូឡា ក្នុងបរិវេណសាលា ចំណាយអស់ថវិកាជាង១៣ម៉ឺនដុល្លាអាមេរិក៕ដោយKS(CSC)

អត្ថបទដែលជាប់ទាក់ទង