ប្រជាពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់ នៅ​ចំណុចចំការក្រញូង

កំពង់ធំ៖ នៅថ្ងៃសុក្រ​ ៣កេីត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ គេបាន ប្រទះឃេីញសាកសពមនុស្ស នៅ​ចំណុចចំការក្រញូង (រដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ) តំបន់​អូរបឹងរូងកណ្តាល ក្នុងភូមិសាស្រ្តភូមិថ្មសំលៀង ឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ។

សពមានឈ្មោះ សៀន ណៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករធ្វេីផ្ទះ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ស្នាលេី ឃុំបាក់ស្នាស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន ណៃ​ នេះ​បាន​មក​ធ្វេីផ្ទះឱ្យឈ្មោះ ណុល ​ភេទប្រុស នៅតំបន់អូរបឹងរូងកណ្តាល នេះ​ជាមួយឪពុកក្មេកឈ្មោះ ងេស ហុន​ និង​ឈ្មោះ ហៀ​ ហុន ​ជាមេជាង តាំងពីថ្ងៃទី៣១ ខែឧសភា ២០១៨ ពេល​ធ្វេីការបានពីរថ្ងៃឃេីញកូនចេះតែត្អូញមិនសូវស្រូលខ្លួន។ នៅ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ពេលយប់ជនរងគ្រោះមិនមកដេកជាមួយខ្លួនទេបានទៅដេកជាមួយមេជាងឈ្មោះ ហៀ ហុន ​ផ្ទះផ្សេងលុះព្រឹកឡេីងវេលាម៉ោង ៦ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ មេជាងបានមកសួរខ្ញុំថាមានឃេីញអាណៃ (ជនរង​គ្រោះ) ដែរអត់ ខ្លួនបានឆ្លេីយថា មិនឃេីញទេក៍បាន​នាំគ្នាដេីររកតាមចំការដំឡូងចំការចាន់ទី​ តែរកមិនឃេីញ។

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ហុន ឡុង​ ត្រូវជាប្រពន្ធរងគ្រោះបាននាំអ្នកភូមិគ្នា៦នាក់ ម៉ូតូ៣ គ្រឿងមកដល់បាននាំដេីររុករកតាមចំការពេញមួយព្រឹកធំ អស់ចិត្តនៅតែមិនឃេីញក៏នាំគ្នាវិលត្រឡប់ទៅផ្ទះវិញ ។

តាមសាក្សី ឈ្មោះ ហេង​ ទ្រី ភេទ​ប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីកិច្ចសន្យារដ្ឋបាលព្រៃឈេី ឈរជើងនៅតំបន់អូបឹងរូងនេះពេលដេីរពិនិត្យក្នុងចំការក្រញូង បានធំក្លិនស្អុយ ខ្លួនសង្ស័យក្រែងមានសត្វព្រៃជាប់អន្ទាក់ស្លាប់ស្អុយចេះតែដេីរស្រង់ក្លិនរកមេីល ក៏បានប្រទះឃេីញសាកសពដេកស្លាប់ផ្កាប់ មុខមានសភាពរលួយសាច់អស់ឃេីញគ្រោងឆ្អឺង ខ្លួនក៏បានទៅផ្តល់ព័ត៌មានឱ្យលោក ឈឹម សារឹត ជានគរបាលប្រចាំការនៅតំបន់អូរបឹងរូងនេះ។

ក្រោយ​ដឹងព័ត៌មានកម្លាំងជំនាញយេីងបានសហការជាមួយ​លោក​ ចាន់​ ពៅ​ ឋា​នៈ នាយ​រងប៉ុស្តិ៍ឃុំក្រយា និងកម្លាំងសន្តិសុខប្រជាការពារចុះដល់កន្លែងកេីតហេតុ ដេីម្បីពិនិត្យសាក​សព​ សាកសពមានសភាពស្អុយរលួយអស់សាច់មេីលឃេីញគ្រោងឆ្អឹង ដោយដេកស្លាប់ផ្កាប់មុខពាក់អាវដៃវែង ពណ៌ឈាមជ្រូក ស្លៀកខោជេីងវែង ពណ៌ខៀវ។

សមត្ថកិច្ចសន្និ​ដ្ឋានថា សាកសព​ស្លាប់ដោយការហេវហត់ អត់បាយអត់ទឹក អស់កម្លាំង បណ្តាលឱ្យកើតខ្យល់ដួលផ្កាប់មុខស្លាប់តែម្តង។ ក្រោយពិនិត្យចប់សមត្ថកិច្ចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី៕ ដោយៈ BRT (PC2)

អត្ថបទដែលជាប់ទាក់ទង