ព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា ត្រូវបានធ្វើជាលើកទី៤ នៅមុខប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមជាង១ពាន់នាក់

សៀមរាប៖ ក្រសួងទេសចរណ៍កម្ពុជាសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នំា២០១៨ បានរៀបចំព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា (yoga) នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាបជាលើទី៤ សម្រាប់ប្រទេសកម្ពុជា។

លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា (yoga) នៅកម្ពុជាឆ្នំានេះនឹងធ្វើឡើងចំនួន៤កន្លែង ក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ហើយសម្រាប់នៅមុខប្រាសាទអង្គរវត្ត គឺមានអ្នកចូលរួមជាង១ពាន់នាក់។

លោកជំទាវបានបន្តថា ការធ្វើលំហាត់ប្រាណយូហ្កា (yoga) នេះបានធ្វើឱ្យសុខភាពរបស់យើងរឹងមំា និងស្រួលខ្លួនជាងការធ្វើលំហាត់ប្រាណធម្មតា ពីព្រោះលំហាត់ប្រាណយូហ្កានេះមានក្បាច់ និងការប្រើអារម្មណ៍ច្រើន។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៏នេះមានសារៈសំខាន់ណាស់មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា (yoga) ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៍បានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៏វប្បធម៌របស់កម្ពុជា គឺប្រាង្គប្រាសាទអង្គរវត្ត ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូលតាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៏ដ៏ល្បីៗនៅលើពិភពលោក ក៍ដូចជាភ្ញៀវទេសចរដែលបានមកចូលរួមផ្ទាល់ផងដែរ។

ព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានេះ នឹងធ្វើនៅប្រទេសកម្ពុជា ជារាងរាល់ឆ្នំាដើម្បីជាព្រឹត្តិការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរ ពីព្រោះភ្ញៀវទេសចរណ៍គេបានមកធ្វើលំហាត់ប្រាណហើយបានមើលអង្គរទៀត។

សូមបញ្ជាក់ថា Yoga គឺជាទស្សនៈវិទ្យាឥណ្ឌាបុរាណមួយដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយ ត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការស្វែយល់ផ្នែកស្មារតី។ នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើ Yoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំងជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់ និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោក ក្នុងនោះប្រជាជនកម្ពុជាក៏មានការចាប់អារម្មណ៍យ៉ាងច្រើនដែរ៕ ដោយៈ KHS (PC2)

អត្ថបទដែលជាប់ទាក់ទង