ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង

សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា  ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គៈកម្មាធិការសាខាផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីអញ្ជើញមកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋតំណាងឃុំទាំង៦ក្នុងស្រុកស្រីស្នំ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបជាង ៧៦២នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឱ្យដឹងថា៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ នាថ្ងៃទីនេះ គឺជាទិវាដ៏មង្គលដែលប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាយើង កំពុងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងព្រះជន្មគម្រប់៨២ យាងចូល៨៣ ព្រះវស្សារបស់ព្រះអង្គ។

ឯកឧត្តមក៏បានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធិផលទី៧ហើយក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅខែមករា ឆ្នាំ២០១៨។ អាគារនេះមានក្រឡាផ្ទៃសរុប ១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧០២ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា “ធ្វើឱ្យកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន” ម្យ៉ាងវិញទៀតដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនៈវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។ ហើយសាខាបានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖

-ការគ្រប់គ្រងគ្រោះមហន្តរាយ

-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍

-លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនា

-ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។

ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំនេះ បានចូលរួមថវិកាសរុបចំនួន ៥,០៥,០០០ រៀល និង ៤,៧៩០ដុល្លារ ប្រគល់ជូនអនុសាខា ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។ក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិតប្រធានបានឧបត្ថម្ភជូន៖
– ដូនជី តាជី២០នាក់ ក្នុងមា្នក់ៗទទួលបានសំពត់ស១ដុំ ថវិកា ២ម៉ឺនរៀល
– ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត ៥៣៥នាក់ មា្នក់ៗ ទទួលសារុង១ ថវិកា ១ម៉ឺរៀល
– យុវជនកាកបាទក្រហម និងសិស្សនុសិស្ស ១៤០នាក់ ម្នាក់ៗ ទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា ១ម៉ឺនរៀល៕ដោយKS(CSC)

អត្ថបទដែលជាប់ទាក់ទង