ស្ត្រីមេម៉ាយតស៊ូចិញ្ចឹមកូនចំនួន៣ នាក់ក្រោមដំបូលខ្ទមធ្លុះធ្លាយ បានទទួលការយកចិត្ត ទុកដាក់ពីប្រធានសមាគមអតីតយុទ្ធជនខេត្ត

ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ បានចុះជួយដល់ ជីវិតដ៏សែនកំសត់របស់ស្រ្តីមេម៉ាយ ដែលបានតស៊ូចិញ្ចឹមកូនចំនួន៣ នាក់ក្រោមដំបូលខ្ទមដ៏ធ្លុះធ្លាយមើលពីម្ខាងធ្លុះទៅម្ខាង តែបើទោះបីជាជីវិតជួបនិងភាពក្រីក្រ យ៉ាងណាក្តី ក៏ប្អូនស្រីប្រឹងប្រែងស៊ីឈ្នួល លាងចានគេ យកប្រាក់មកចិញ្ចឹមកូនទាំង៣នាក់ឲ្យមានជីវិតរស់រាននឹងគេ ។

ជីវិតដ៏សែនសោកសង្វែក របស់ប្អូនស្រីផៃ សុខា អាយុ៣២ ឆ្នាំរស់ជាស្ត្រីមេម៉ាយ បានរៀបរាប់ទាំងទឹកភ្នែកថា ស្វាមីស្លាប់ចោលអស់រយ: ពេល៧ ឆ្នាំ ប្អូនស្រីទ្រាំរស់ចិញ្ចឹមកូនចំនួន៣ នាក់នៅក្នុងខ្ទមកំសត់ដំបូលធ្លុះធ្លាយ នៅពេលមានភ្លៀងម្តងៗប្អូនស្រីអង្គុយសំកុកទទូរកៅស៊ូការពារទឹកភ្លៀងឱបកូនទាំងបី លាយដំណក់ទឹកភ្នែក ជាមួយដំណក់ទឹកភ្លៀង រហូតដល់ភ្លៀងរាំងទើបបានសម្រាក លុះព្រឹកឡើងងើបពីព្រលឹមទៅលាងចានឆ្នាំង បោកខោអាវឲ្យគេតាមភូមិ ។

បច្ចុប្បន្នគាត់រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជីវិតដ៏សែនអភ័ពនេះ គាត់នឹងកូនទាំងបីនាក់មិនដែលបានទទួលទានអាហារដែលមានរស់ជាតិឆ្ងាញ់បរិភោគម្តងណាឡើយ ពេលខ្លះត្រូវនាំកូនហូបបាយជាមួយអំបិល ឬប្រហុក អាហារដែល មានរស់ជាតិឆ្ងាញ់ម្តងម្កាលគឺពេលមានពិធីបុណ្យទាន ឬពិធីអាពាហពិពាហ ដែលគេជួលគាត់ឲ្យទៅលាងចានតែប៉ុណ្ណោះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មាន របស់ប្អូនស្រី ដែលជាស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត ក៏បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីភូមិ ឃុំ ទៅសំណេះសំណាលសាកសួរសុខទុក្ខគាត់ នឹងបានផ្ដល់ជូនគាត់នូវអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស មុងជ្រលក់ថ្នាំចំនួន២ នឹងថវិកាចំនួន ១២០,០០០ រៀល នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរ និងសំណូមពរ ដល់អាជ្ញាធរដែនដី រួមទាំងប្រជាពលរដ្ឋ ឲ្យចេះជួយយកអាសារគ្នាទៅវិញទៅមកជាពិសេស គ្រួសារប្រជាកសិករ ក្នុងមូលដ្ឋានជួបនូវភាពខ្វះខាត មានជីវភាពក្រីក្រកំបាក ត្រូវរាយការមក ថ្នាក់ឃុំ ស្រុក ខេត្ត ដើម្បីជួយគ្នា ដោយមិនទុកឲ្យជួបនិង ភាពវេទនា ដោយមិនបានដឹងលឺពីអាជ្ញាធរទេ

អត្ថបទដែលជាប់ទាក់ទង