ស្លាប់ម្នាក់របួសធ្ងន់បីនាក់ ដោយសាររថយន្តបុកម៉ូតូ និងរ៉ឺម៉កពេញទំហឹង

កំពត៖ បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ចំណែកបុរសស្រ្តីបីនាក់រងរបួសធ្ងន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរដោយរថយន្តហាយឡែនឌឺ បុកម៉ូតូមួយគ្រឿង រួចបន្តបុករ៉ឺម៉កម៉ូតូមួយបន្ថែមទៀត។

ករណីនេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

លោកវរសេនីយ៍ត្រី ស៊ូ វណ្ណាត នាយផ្នែកចរាចរនគរបាលផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ ងឹន តុង អាយុ ៥៧ឆ្នាំ មានទីលំនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ចំណែកអ្នករងរបួសទាំងបីណាក់ រួមមាន

១. /ឈ្មោះ ទេព សាំង ភេទប្រុស អាយុ ៧០ ឆ្នាំ,

២. /ឈ្មោះ មាស រ៉ា ភេទស្រី អាយុ ៦៥ឆ្នាំ។ ទាំងពីរនាក់ជាប្តីប្រពន្ធ រសើនៅភូមិទឹកក្រហម ឃុំកណតោល ស្រុកទឹកឈូ ខេត្តកំពត។

៣./ ឈ្មោះ ព្រី សុខលីន ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅស្រុកស្រីសន្ធរ ខេត្តកំពតចាម។

លោកនាយការិយាល័យបានរៀបរាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង  ធ្វើដំណើរដោយបុរសស្រ្តីពីរកាន់ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ក្បែរចំណុចកើតហេតុ ម៉ូតូបានបត់ បម្រុងចុះទៅខាងឆ្វេងដៃ ស្របពេលនោះស្រាប់តែមានរថយន្តហាយឡែនឌឺមួយគ្រឿងមកពីក្រោយ ក៏បុកម៉ូតូពេញទំហឹងពេលឆ្លងបានត្រឹមកណ្តាលថ្នល់ រួចរថយន្តជ្រុលបុករ៉ឺម៉កម៉ូតូមួយគ្រឿង ដែលកំពុងបើកមកពីទិសខាងលិច។

ភ្លាមៗ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តពាក់ស្លាកលេខភ្នំពេញ 2AL- 5918 នៅក្បែរកន្លែងគ្រោះថ្នាក់ជាមួយអ្នកដំណើរប្រាំនាក់ផ្សេងទៀត។

លោក ស៊ូ វណ្ណាត បានបញ្ជាក់ថា នៅពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញបុរស និងស្ត្រីពីរនាក់ដែលជិះម៉ូតូឌុប គ្នារងរបួសធ្ងន់ ហើយអ្នកបើកម៉ូតូរ៉ឺម៉ក ព្រមទាំងស្ត្រីធ្វើដំណើរជាមួយរងរបួសធ្ងន់ធ្ងរដូចគ្នា ទើបប្រញាប់ប្រញាល់ហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតជាបន្ទាន់។

ប៉ុន្តែ ជាអកុសល បុរសជាអ្នកបើកម៉ូតូរ៉ឺម៉កបានស្លាប់ដោយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរនោះ។ ទោះជារត់គេចខ្លួនក្តី តែអ្នកបើកបររថយន្តត្រូវបានគេស្គាល់ គឺឈ្មោះ ឈ ចាន់រ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង