ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកវគ្គហ្វឹកហាត់ក្បួនយុទ្ធវិធីបង្ការទប់ស្កាត់ប្រឆាំងបាតុកម្មខុសច្បាប់

ព្រៃវែង ៖ កម្លាំងនគរបាលចំនួន១៥០នាក់ មកពីតាមបណ្តាស្រុកនានាទូទាំងខេត្តព្រៃវែង បានចូលរួមនៅក្នុងវគ្គហ្វឹកហាត់ ក្បួនយុទ្ធវិធីបង្ការនិងទប់ស្កាត់ប្រឆាំងបាតុកម្មខុសច្បាប់ ដែលរៀបចំឡើងដោយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រយៈពេលមួយសប្តាហ៌ គិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី ឌឹម យ៉ារ៉ុម ស្នងការរងទទួលសេនាធិការ បានប្រាប់ឱ្យដឹងថា វគ្គហ្វឹកហាត់ដល់កងកម្លាំងនគរបាលទាំង១៥០រូបនេះ ផ្តោតសំខាន់ទៅលើមេរៀនធំៗចំនួន៣ ទី១-គឺ កាយវិកាកាន់ដំបងនិងខែលការពារឈរនៅនិងកន្លែង ទី២-កាយវិការប្រយុទ្ធ ជំហរខ្ពស់កាន់ដំបងនិងខែលការពារ ដើម្បីបំបែកនិងហ៊ុំព័ទ្ធចាប់ហ្វូងបាតុកម្ម និងទី៣-កាយវិកាជំហរទាបសម្រាប់ទប់ស្កាត់ និងបំបែកបាតុកម្មប្រើអំពើហិង្សា។

ក្នុងពេលចុះត្រួតពិនិត្យការហ្វឹកហាត់នេះ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានមានប្រសាសន៌ថា ការហ្វឹកហាត់ក្បួនយុទ្ធវិធីបង្ការនិងទប់ស្កាត់ប្រឆាំងនឹងបាតុកម្មខុសច្បាប់នេះ គឺសំដៅដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីទប់ទល់ការប្រមូលផ្តុំណាមួយ ក្នុងចេតនាដើម្បីធ្វើបាតុកម្មខុសច្បាប់ ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឬធ្វើអោយកើតជាអំពើហិង្សាជាដើមនោះ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងនាមជាកងកម្លាំងសមត្ថកិច្ច មន្រ្តីនគរបាលទាំងអស់ ត្រូវត្រៀមចិត្តត្រៀមកាយជានិច្ច ក្នុងការបំពេញតួនាទីភារៈកិច្ចរបស់ខ្លួន លើការងារការពារ និងទប់ស្កាត់បទល្មើស ព្រមទាំងហេតុការណ៌អាក្រក់ផ្សេងៗដូចជាការប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់ជាដើម ប៉ុន្តែវិធានការដោះស្រាយចំពោះមុខ បើសិនជាកើតមានបញ្ហាអ្វីមួយឡើង ធ្វើយ៉ាងណាមិនត្រូវឱ្យមានការប៉ះពាល់ ឬគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ តែត្រូវកំណត់ និងចាត់វិធានការអោយបានច្បាស់ ចំពោះមេខ្លោងជើងខ្លាំង ដែលបានដឹកនាំបង្កើតអោយមានបញ្ហា ឬបាតុកម្មនោះឡើង៕

អត្ថបទដែលជាប់ទាក់ទង