សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យក្រសួងអប់រំបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសិស្សនិងនិស្សិត បានចូលរួមបោះឆ្នោតនាពេលខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នអប់រំគួរបង្កលក្ខណៈងាយស្រួលក្នុងការឱ្យនិស្សិតដែលបានចុះឈ្មោះបោះឆ្នោត ទៅបោះនៅតាមទីតាំងដែលបានចុះឈ្មោះរួចហើយ។

សម្ដេចតេជោ បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួនជាង៣ពាន់នាក់ ដែលមានផ្នែក បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលពិធីនេះប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់វិស័យរោងចក្រកាត់ដេរ សមាគមរោងចក្រកាត់ដេរ បានផ្តល់ការអនុញ្ញាតិសម្រាប់កម្មករ កម្មការិនីទៅធ្វើការបោះឆ្នោត ដោយធ្វើការឈប់សម្រាករយៈពេលបីថ្ងៃ គឺថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយទទួលបានប្រាក់បៀរវត្សពេញលេញ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា ក៏គួរតែត្រូវប្រកាសដើម្បីបញ្ជាក់ទៅកាន់សាកលវិទ្យាល័យនានា សាលានានាដើម្បីឱ្យនិស្សិត សិស្សរបស់យើងទទួលបាននូវការឈប់សម្រាកសមស្របក្នុងការធ្វើដំណើរទៅ និងត្រឡប់មកពីបោះឆ្នោតវិញ៕

អត្ថបទដែលជាប់ទាក់ទង