ជិះម៉ូតូទៅទិញម្ហូប ពេលជិះត្រលប់មកវិញរថយន្ដដឹកដីបុកស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ៖ រថយន្ដហ៊ីយ៉ានដាយដឹកដីប្រភេទធំ កិនម៉ូតូធូដេបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីល្ងាចនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខបូរីពិភពថ្មី ឋិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯក សឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ ស្រុកកំណើតនៅអូរកន្តិល ដង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។ចំណែកតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោល ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHONDA TODAY ពណ៌ផ្កាឈូក ពាក់ផ្លាកលេខរតនគិរី 1E-2414 ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានបត់ចូលក្នុងបុរីពិភពថ្មីចំការដូង ស្រាប់តែរថយន្ដម៉ាក HYUNDAI ពណ៌ប្រផេះ ពាក់ផ្លាកលេខ កណ្តាល 3A-0914 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បុកម៉ូតូជនរងគ្រោះពេញទំហឹងធ្វើឲ្យជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ដអូសជាង៥០ម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដោយបានជួយសម្រួលចរាចរណ៍កុំឲ្យមានការកស្ទុះ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាសវែងអូសរថយន្ដ និង ម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាពេលក្រោយ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ប៉ូច ចំរើន

អត្ថបទដែលជាប់ទាក់ទង