អុញ! កុងស៊ីបញ្ចាំអត់កាតគ្រី? លោកកូនយកម៉ូតូទៅបញ្ចាំ យកលុយចាក់បាល់ អ្នកម្ដាយយកលុយទៅលោះ តែគេមិនព្រម​ ផ្អើលខណ្ឌចំការមន!

រាជធានីភ្នំពេញ៖ រដូវកាល​ World CUP បាល់ទាត់​ពិភពលោក​នេះ កូនយកម៉ូតូទៅបញ្ចាំនៅណាកាស៊ីណូNaga world យកលុយចាក់បាល់ ទាំងអត់កាតគ្រី ហ៊ានទទួលដែរ។លុះពេលម៉ែនិងប្អូនស្រីទៅរកឃើញ និងសុំយកលុយលស់យកម៉ូតូវិញនៅតែមិនព្រមទៀត។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចមុខសកលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ស្រ្តីជាម្ដាយបានរៀបរាប់ថា គាត់មានផ្ទះសម្បែងនៅម្ដុំឃ្លាំងរំសេវ ដំបូង ដោយមានការសង្ស័យ គាត់និងកូនស្រីម្នាក់ទៀត បានជិះម៉ូតូមកកាស៊ីណូ Naga World ដើម្បីរកមើលកូនប្រុសគាត់ ហើយបានឃើញកូនប្រុសគាត់កំពុងរាប់លុយ ។លុះពេលឃើញកូនប្រុសនោះ ក៏គេចខ្លួនបាត់។ គាត់ដឹងថាកូនយកម៉ូតូមកបញ្ចាំ គាត់ក៏សុំឲ្យម្ចាស់ទីតាំងនោះ រក្សាទុកម៉ូតូគាត់នៅទីនោះសិន ដើម្បីគាត់ត្រឡប់ទៅផ្ទះ ដើម្បីយកកាតគ្រី និងលុយមកលស់ម៉ូតូវិញ។ ពេលគាត់ចេញឆ្ងាយពី Naga World នោះបានបន្តិច កូនស្រីគាត់មើលតាមGPS ដឹងថាគេជម្លៀសម៉ូតូគាត់ ចេញពីNaga World គាត់ក៏ប្ដឹងប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់ ដែលនៅក្បែរនោះឲ្យជួយដោះស្រាយក្នុងយប់នោះតែម្ដង ។ លុះពេលគាត់យកកាតគ្រីនិងលុយមកដល់ បែរជាប៉ូលិសថា ចាំព្រឹកស្អែក ទើបដោះស្រាយបានទៅវិញ។

ស្រ្តីជាម្ដាយបានបញ្ជាក់ថាមូលហេតុគាត់ចង់ដោះស្រាយលោះម៉ូតូយកទៅវិញទាំងយប់នោះព្រោះគាត់ខ្លាចគេជម្លៀសម៉ូតូគាត់ទៅណាបាត់ទៀត។

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាម៉ូតូគ្មានកាតគ្រី ឬលិខិតស្នាមអ្វីបន្តិចសោះ ពួកគេហ៊ានទទួលបញ្ចាំ?

ហើយបើតាមអ្នកច្បាប់និយាយថា ការទទួលបញ្ចាំបែបនេះគឺមានន័យថាទទួលផលចោរកម្ម និងត្រូវតែមានទោស។​

សូមជម្រាបថា​ ករណីកុងស៊ីបញ្ចាំខុសច្បាប់នេះ ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់ចេញបញ្ជាឲ្យបង្រ្កាបមិនឲ្យកើតមានបន្តទៀតទេ ចុះហេតុអ្វីនៅតែមាន ហើយមាននៅជាប់នឹងច្រមុះរបស់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ទៀតផង បែរជាសមត្ថកិច្ចមើលមិនឃើញទៅវិញ។

នេះជារដូវកាល World CUP បាល់ទាត់​ពិភពលោក​ ដូច្នេះ​សូមប្រុងប្រយ័ត្នអោយបានខ្ពស់គ្រប់គ្នា !!! ។

អត្ថបទដែលជាប់ទាក់ទង