ប្រិយមិត្តដឹងទេថា តើអ្នកមុជទឹកជនជាតិអង់គ្លេស ដែលរកឃើញអ្នកបាត់ខ្លួនទាំង១៣នាក់ លោកជានរណា?

បាងកក៖ កាលពីថ្ងៃអង្គារ ៦រោច ខែមឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០១៨ អ្នកមុជទឹកអង់គ្លេសពីរនាក់ ដែលបានរកឃើញក្មេងទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់កាលពីយប់ថ្ងៃ ចន្ទ នៅក្នុងរូងភ្នំថាំលួង ស្ថិតនៅភាគខាងជើងប្រទេសថៃ មិនមែនជាយោធា ឬក៏អ្នកជំនាញមុជទឹកនោះទេ។ ប៉ុន្តែគ្រាន់តែជា អ្នកស្ម័គ្រចិត្តមកពីអង់គ្លេសតែប៉ុណ្ណោះ។

ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួក​គេម្នាក់ ត្រូវបានអ្នក​មុជទឹកមកពីចក្រភព អង់គ្លេសពីរនាក់ខាងលើ រកឃើញថានៅមានជីវិត នៅឡើយកាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណ ១០និង២៥នាទីយប់ ដោយស្ថិត​នៅចម្ងាយ​ប្រហែល០៤គីឡូម៉ែត្រ​ពីមាត់រូងភ្នំ។

អ្នកទាំងពីរនាក់នេះ ត្រូវបានសារព័ត៌មានកំណត់អត្តសញ្ញាណថាមានឈ្មោះ John Volanthen អាយុ៤៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Rick Stanton មានអាយុ៥៦ឆ្នាំ។

បន្ថែមពីលើនេះ អ្នកមុជទឹកទំាងពីរនាក់នេះ ក៏ជាមនុស្សដំបូងគេផងដែរ បានឆ្លើយឆ្លងគ្នាជាមួយអ្នកទំាង១៣នាក់ ដែលបានជាប់នៅ ក្នុងរ៉ូងភ្នំ​ថាំលួង ស្ថិតនៅក្នុងស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើង​​ប្រទេសថៃ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមក។

«តើអ្នកមានគ្នាប៉ុន្មាននាក់? ១៣នាក់។ ល្អណាស់! អ្នកទាំងអស់គ្នានៅទីនេះ១០ថ្ងៃជាងហើយ ពួកអ្នកពិតជាពូកែណាស់។ អរគុណច្រើន ប៉ុន្តែតើពេលណា ទើបពួកយើងអាចចេញទៅក្រៅបាន? មិនមែនថ្ងៃនេះទេ តែអ្នកត្រូវមុជទឹក»។ នេះគឺជាការឆ្លងឆ្លើយរវាងក្មេង មួយចំនួនក្នុងចំណោមមនុស្សទាំង១៣នាក់ និងអ្នកមុជទឹកអង់គ្លេសទាំងពីរនាក់។​

គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះថៃ កំពុងពិចារណាពីវិធីយកក្មេងទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេចេញពីរូងភ្នំ។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញបានព្រមានថា ការយកអ្នកទាំងនេះចេញមកក្រៅ អាចនឹងត្រូវចំណាយពេលជាច្រើនសប្ដាហ៍ក៏ថាបាន ខណៈពេលនេះពួកយើងត្រូវយកចំណីអាហារសម្រាប់រយៈពេល០៤ខែ បញ្ជូនទៅឱ្យពួកគេហើយ៕ ​

អត្ថបទដែលជាប់ទាក់ទង